ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង-ស្ថាប័នជំនាញ សម្រាប់វិស័យសាធារណៈ

ភ្នំពេញ៖ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួល និងការពង្រឹងកិច្ចសហការ រវាងក្រសួង-ស្ថាប័នជំនាញ សម្រាប់វិស័យសាធារណៈ ។ នេះជាការថ្លែងរបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបពា្ជរតែមួយជាតិ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ ដើម្បីទំនើកម្មដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ បានថ្លែងថា សម្រាប់វិស័យសាធារណៈ ប្រព័ន្ធបញ្ជរតែ មួយជាតិ មានតួនាទីសំខាន់ ក្នុងការសម្របសម្រួល និង ការពង្រឹងកិច្ចសហការ រវាងក្រសួង- ស្ថាប័នជំនាញពាក់ព័ន្ធ សំដៅបង្កើនប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាពបន្ថែមទៀត នូវកិច្ចសម្រួល ពាណិជ្ជកម្ម ជាពិសេស សម្រួលដល់ការបំពេញឱ្យបានឆាប់ នូវបែបបបទនាំចេញនាំចូល ទំនិញ ស្របតាមយុទ្ធសាស្ត្រ និង គោលនយោបាយ របស់រាជរដ្ឋាភិបាល ។ ជារួម ប្រព័ន្ធនេះ បានផ្តល់អត្ថប្រយោជន៍សំខាន់ដល់ក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ឱ្យទទួលបាននូវ ព័ត៌មាន និង ទិន្នន័យ ត្រឹមត្រូវ និង ទាន់ពេល សម្រាប់ធ្វើការវិភាគវាយតម្លៃហានិភ័យ និង សម្រាប់ប្រើប្រាស់ តាមតម្រូវការផ្សេងទៀត ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ដោយឡែកវិស័យឯកជន ក៏នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ ដូចជា ចំណេញពេល ព្រមទាំងការកាត់បន្ថយចំណាយ និង ជាពិសេស ការកាត់បន្ថយការិយាធិបតេយ្យក្នុង ការរត់ការឆ្លងកាត់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ចមួយទៅមួយទៀត ពាក់ព័ន្ធនឹងការស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងៗ សម្រាប់ការនាំចេញនាំចូលទំនិញ ។ លើសពីនេះ ប្រតិបត្តិករនៃវិស័យឯកជន ក៏អាចប្រើប្រាស់ឡើងវិញ នូវទិន្នន័យក្នុងប្រព័ន្ធ សម្រាប់ជាប្រយោជន៍ក្នុងការគ្រប់គ្រងទិន្នន័យរបស់ខ្លួន ឱ្យបានទាន់ពេលមាន សង្គតិភាព និងមានភាពច្បាស់លាស់ផងដែរ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ,លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និង ឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធនឹងការនាំចេញ នាំចូលទំនិញទៅគ្រប់ក្រសួងស្ថាប័នមាន សមត្ថកិច្ចតែមួយ លើករួមគ្នា ដើម្បីទទួលបាននូវការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក ។

ទន្ទឹមនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ ក៏មានមុខងារដ៏សំខាន់ ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បី ផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិក ជាមួយនឹងបណ្តាប្រទេសជា សមាជិកអាស៊ានផងដែរ ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner