សិង្ហបុរីទិញប្រេងឥន្ធនៈមិនប៉ះពាល់ដល់បរិស្ថានចំនួន ១ពាន់តោនពីហ្វាំងឡង់

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិសិង្ហបុរី (SIA) បានប្រកាសនៅថ្ងៃចន្ទនេះថា ខ្លួននឹងទិញឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព ហៅកាត់ថា (SAF) ចំនួន ១,០០០តោនពីក្រុមហ៊ុនថាមពលកំពូលហ្វាំងឡង់ Neste ដែលនេះជាការទិញប្រេងឥន្ធនៈយន្តហោះ ដែលមានកាបូនទាបជាលើកដំបូងពីរោងចក្រចម្រាញ់របស់ក្រុមហ៊ុនហ្វាំងឡង់។

ក្រុមហ៊ុនអាកាសចរណ៍ជាតិសិង្ហបុរីអ៊ែរឡាញ (SIA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនថាមពលកំពូលហ្វាំងឡង់ Neste ដើម្បីទិញឥន្ធនៈអាកាសចរណ៍ប្រកបដោយនិរន្តរភាព (SAF) ដើម្បីលាយបញ្ចូលគ្នាជាមួយប្រេងឥន្ធនៈធម្មតា ដែលនឹងត្រូវប្រើប្រាស់ដោយក្រុមហ៊ុនដឹកជញ្ជូន Scoot របស់សង្ហិបុរី នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលចេញដោយក្រុមហ៊ុនទាំងបី។ ឥន្ធនៈ SAFs ត្រូវបានផលិតចេញពីកាកសំណល់ដែលអាចកកើតឡើងវិញបាន ១០០ភាគរយ និងវត្ថុធាតុដើមដែលនៅសេសសល់ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៨០ភាគរយលើវដ្តជីវិតរបស់ឥន្ធនៈ។

សិង្ហបុរីបានបញ្ជាក់កាលពីខែកុម្ភៈថា ខ្លួននឹងតម្រូវឱ្យក្រុមហ៊ុនអាកាសចរណ៍ដែលចាកចេញពីប្រទេសនេះ ប្រើប្រាស់ឥន្ធនៈយន្តហោះដែលមានកាបូនទាបជាបណ្តើរៗចាប់ពីឆ្នាំ ២០២៦ ដែលនេះជាផ្នែកមួយនៃផែនការឧស្សាហកម្មកាត់បន្ថយការបំភាយឧស្ម័ន។ ក្រុមហ៊ុនអាកាសចរណ៍នឹងតម្រូវឱ្យប្រើប្រាស់ល្បាយឥន្ធនៈយន្តហោះដែលមាន ១ភាគរយនៃឥន្ធនៈ SAF ក្នុងឆ្នាំ ២០២៦ ហើយបន្តកើនឡើងបន្តិចម្តងៗដល់ចន្លោះពី ៣ ទៅ ៥ភាគរយនៅឆ្នាំ ២០៣០។

ឥន្ធនៈ SAFs អាចរួមបញ្ចូលរហូតដល់ ៥០ភាគរយនៃល្បាយប្រេងឥន្ធនៈយន្តហោះ។ ឧស្សាហកម្មអាកាសចរណ៍បានរ៉ាប់រងនៅចន្លោះពី ២ ទៅ ៣ភាគរយនៃការបំភាយឧស្ម័នកាបូនិចសកល ហើយក៏ជាឧស្សាហកម្មដ៏លំបាកបំផុតមួយ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផងដែរ។ យ៉ាងណាមិញ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ បានកំណត់គោលដៅសម្រាប់ឧស្សាហកម្មនេះ ដើម្បីសម្រេចឱ្យបាននូវការបំភាយឧស្ម័នសូន្យត្រឹមឆ្នាំ ២០៥០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner