កុមារស្គមស្គាំង ខ្វះអាហាររូបត្ថម្ភ ជាក្តីកង្វល់ធំដែលកម្ពុជាត្រូវដោះស្រាយបន្ទាន់

ភ្នំពេញៈមន្ត្រីរដ្ឋាភិបាល អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល បានលើកឡើងដូចគ្នាថា ក្តីកង្វល់ធំមួយដែលបន្តគំរាមកំហែងដល់ការអភិវឌ្ឍធនធានមនុស្ស សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា គឺ បញ្ហាកុមារស្គមស្គាំងដោយសារខ្វះអាហាររូបត្ថម្ភ ជាពិសេសក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។
គិតត្រឹមឆ្នាំ ២០២២ កុមារអាយុក្រោម៥ឆ្នាំម្នាក់ក្នុងចំណោម១០នាក់ មានភាពស្គមស្គាំង។ យោងតាមការស្ទង់មតិប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២ បង្ហាញថា អត្រានៃភាពស្គមស្គាំងរបស់កុមារក្រោមអាយុ ៥ឆ្នាំ នៅកម្ពុជា នៅតែខ្ពស់ ពោលគឺស្ថិតក្នុងអត្រា ៩,៦ភាគរយ។បើធៀបនឹងឆ្នាំ ២០១៤ អត្រានេះថយចុះតែ ០.៤ ភាគរយប៉ុណ្ណោះ។ ចំណែកកុមារអាយុក្រោម៥ឆ្នាំដែលក្រិនវិញមានអត្រាដល់ទៅជាង៣០ភាគរយ។
ដោយទទួលស្គាល់ពីភាពបន្ទាន់ក្នុងការដោះស្រាយបញ្ហានេះ ឯកឧត្តម អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់ក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ប្រឹងប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភគ្រប់ទម្រង់ដើម្បីកាត់បន្ថយអត្រាភាពស្គាំងស្គមក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ។
ទេសរដ្ឋមន្ត្រីរូបនេះបានណែនាំឲ្យមន្ត្រីបង្កើនការឃ្លាំមើល និងចាត់វិធានការបន្ទាន់ នៅខេត្តចំនួន១៣ដែលមានអត្រាកុមារស្គមស្គាំងខ្ពស់ជាងគេ ក្នុងនោះខេត្តកំពង់ឆ្នាំងមានអត្រាកុមារស្គមស្គាំងខ្ពស់រហូតដល់៣០ភាគរយ។
កុមារស្គមស្គាំង អាចបណ្តាលមកពីម្តាយដែលខ្វះអាហារូបត្ថម្ភពេលពពោះកូន និងកុមាររស់នៅក្នុងគ្រួសារដែលមិនមានលទ្ធភាពទទួលបានអាហារ និងជីវជាតិគ្រប់គ្រាន់។
របាយការណ៍របស់ យូនីសេហ្វ(UNICEF )ចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ ២០២៣ បង្ហាញថា គ្រួសារនៅកម្ពុជាសរុបចំនួន ១៦ភាគរយ គ្មានលទ្ធភាពទទួលបាន របបអាហារមានជីវជាតិឡើយ។ អង្គការនេះថា បញ្ហាខ្វះអាហារូបត្ថម្ភបង្កើនហានិភ័យនៃជំងឺមិនឆ្លង និងបង្កឱ្យមាន បន្ទុកសេដ្ឋកិច្ចប្រចាំឆ្នាំ ចំនួន ១,៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ឬស្មើនឹង ៦,៦ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។
លោក មាស បុនលី មន្ត្រីទំនាក់ទំនងរបស់ UNICEF បញ្ជាក់ថា កង្វះអាហាររូបត្ថម្ភរារាំងដល់ការអភិវឌ្ឍមនុស្សនៅកម្ពុជា។ វាមានភាពចាំបាច់ក្នុងការធ្វើឲ្យប្រសើរឡើងនូវសន្តិសុខស្បៀងក្នុងគ្រួសារ ការចិញ្ចឹមបីបាច់ទារក និងកុមារ ការទទួលបានទឹកស្អាត អនាម័យសុវត្ថិភាព និងការអនុវត្តអនាម័យល្អ។
ការលើកឡើងនេះ ស្របពេលដែលប្រជាជនខ្មែរ ១៧.៨ភាគរយឬប្រហែល៣លាននាក់ នៃចំនួនប្រជាជនសរុបរស់នៅក្រោមបន្ទាត់ក្រីក្រ។ នេះបើយោងតាមតួលេខរបស់ធនាគារអភិវឌ្ឍន៍អាស៊ីគិតត្រឹមឆ្នាំ២០១៩។ ចំណែក ការផ្គត់ផ្គង់ទឹកស្អាតវិញ មិនទាន់គ្របដណ្តប់បាន១០០ភាគរយនៅឡើយសម្រាប់តំបន់ប្រជុំជន។ ពលរដ្ឋនៅតាមជនបទ និងសហគមដាច់ស្រយាលនៅប្រើទឹកភ្លៀង ទឹកស្រះ និងទឹកអណ្តូង។ ប្រជាជនខ្លះទៀតនៅបន្ទោបង់ពាសវាលកាល។

លោក យី គឹមថាន នាយករង អង្គការភ្លែនអន្តរជាតិ ប្រចាំប្រទេសកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាល ត្រូវតែបង្កើនការវិនិយោគទៅលើសុខភាពរបស់កុមារ ហើយត្រូវដោះស្រាយជាលក្ខណៈពហុវិស័យ រួមមានវិស័យអប់រំ អនាម័យ ទឹកស្អាត សុខភាព ស្ថាបនកិច្ចការនារី សង្គមកិច្ច។ ឯកឧត្តម អ៊ុក រ៉ាប៊ុន អះអាងថា យុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភសម្រាប់ឆ្នាំ ២០២៤-២០២៨ នឹងឆ្លើយតបបញ្ហានេះបានល្អប្រសើរ៕
ដោយៈ ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner