មួយខែ កម្ពុជាទាញទុនវិនិយោគពីចិនបានជាង ៣០០លានដុល្លារ

ភ្នំពេញៈ ពេញមួយខែមេសា ឆ្នាំ២០២៤ កម្ពុជាបានទាញទុនពីវិនិយោគិនចិនចំនួន ៣០៣លានដុល្លារអាមេរិក ដែលនឹងចាក់ចូលទៅក្នុងវិស័យឧស្សាហកម្ម នៅក្នុងរាជធានីខេត្តចំនួនប្រាំមួយ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ស្វាយរៀង កណ្តាល ព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។ ក្រៅពីចិន មានទុនប្រហែលប្រាំមួយលានដុល្លារទៀតពីក្រុមហ៊ុនខ្មែរ និងឥណ្ឌា។

ក្រុមហ៊ុនទាំងនេះនឹងវិនិយោគលើគម្រោងចំនួន២២ ដែលភាគច្រើនជារោងចក្រ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានអនុម័តគម្រោងវិនិយោគទាំងនេះ បានបង្ហាញគម្រោងធំៗមួយចំនួនដូចជា រោងចក្រផលិតស្រោមជើង, ស្រោមដៃ, កន្សែងបង់ក មួក, និងស្បែកជើងពាក់ក្នុងផ្ទះ ដែលមានទុន ៩លានដុល្លារ រោងចក្រផលិតសំបកកង់យានយន្ត និងម៉ាស៊ីនភ្លើងទូប៊ីនចំហាយទឹក មានទុនវិនិយោគបន្ថែមប្រមាណ ១០៥លានដុល្លារអាមេរិក រោងចក្រផលិតបន្ទះ និងហ្វាំ្រងគ្រប់ប្រភេទ មានទុន៣៥លានដុល្លារ។ គម្រោងទាំង៣នេះស្ថិតនៅខេត្តស្វាយរៀង និងរោងចក្រកែច្នៃអាលុយមីញ៉ូម ទុនតម្លៃ៦០លានដុល្លារនៅខេត្តព្រះសីហនុ។
CDC ប៉ាន់ប្រមាណថា គម្រោងវិនិយោគទាំងនេះនឹងបង្កើតការងារជាង២០០០កន្លែង ប៉ុន្តែ ស្ថាប័ននេះមិនបានបញ្ជាក់ទេថា គម្រោងទាំងនោះនឹងចាប់ផ្តើមដំណើរការនៅពេលណា។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន លើកឡើងថា ភាពទាក់ទាញរបស់កម្ពុជា ដែលវិនិយោគិនបរទេសសម្លឹងឃើញមានកម្លាំងពលកម្មវ័យក្មេងច្រើន ប៉ុន្តែលោកមើលឃើញថា ធនធានជំនាញនៅកម្ពុជា នៅមានកម្រិតនៅឡើយដែលត្រូវការបណ្តុះបណ្តាលបន្ថែមទៀត ពិសេសលើឯកទេសបច្ចេកវិទ្យាឌីជីថល។
គិតចាប់ពីខែមករា ដល់ ដំណាច់ខែមេសា ឆ្នាំ២០២៤ នេះ ទុនវិនិយោគដែលហូរចូលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តសរុបចំនួន ១២៨ គម្រោង  ដោយមានទឹកប្រាក់ប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក៕


 ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner