ចលនាជាតិយ៉ាងច្រើនដាក់ស៊ុម(Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ”

(ភ្នំពេញ)៖ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺបន្ទាប់ពីការប្រកាសគាំទ្រតាមបណ្តាញជាវីដេអូ អត្ថបទ ជាញាតិ្តគាំទ្រ របស់ស្ថាប័នកំពូលៗជាតិ ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត អង្គការសង្គមស៊ីវិល មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញការគាំទ្រ កាន់តែច្រើនទៅលើគម្រោងជីកព្រែកជីកហ្វូណនតេជោ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី៦ ដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឺទ្ធសភា ។ ការគាំទ្រ ប៉ុន្មានថ្ងៃចុងក្រោយនេះបន្ថែមលើមុនៗ ដោយចលនាជាតិយ៉ាងច្រើនដាក់ស៊ុម(Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” ។ តាមរយៈបណ្តាញសង្គម Facebook, TikTok ឬ Twitter(X) Frame មហាជនជាច្រើនបានដាក់ជាប្រូហ្វាល់ ឬជាស៊ុមគាំទ្រ គម្រោងព្រែកជីកហ្វណនតេជោ នេះ ជាលក្ខណៈឯកជន គ្រួសារ និងស្ថាប័ន ជាដើម។

គួររំលឹកផងដែរថា សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុស ។

ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន។

គម្រោងព្រែកជីកហ្វូណនតេជោមានអត្ថប្រយោជន៍ដ៏មហាសាលសម្រាប់កម្ពុជាពោលគឺ វាអាចកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូនដែលអំណោយផលដល់ភាពប្រកួតប្រជែងនៃទំនិញកម្ពុជា។

អាចបង្កើតតំបន់ពាណិជ្ជកម្ម មជ្ឈមណ្ឌលភស្តុភារកម្ម និងការអភិវឌ្ឍផែរណបថ្មីៗជាច្រើន។ ក្រៅពីនោះ ព្រែកជីកនេះក៏អំណោយផលដល់ការអភិវឌ្ឍកសិកម្ម ប្រព័ន្ធធារាសាស្ត្រ វារីវប្បកម្ម និងការចិញ្ចឹមសត្វផងដែរ។ ព្រែកជីកនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤របស់កម្ពុជា ដោយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ថែមទាំងជួយជំរុញការអភិវឌ្ឍផ្នែកនគរូបនីយកម្ម ក៏ដូចជាផ្នែកអចលនទ្រព្យ។

សូមបញ្ជាក់ថា ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង ១៨០គីឡូ ម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព។

បងប្អូនប្រជាពលរដ្ឋមានបំណងចង់ដាក់ស៊ុម(Frame) បង្ហាញពីការគាំទ្រគម្រោងប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណនតេជោ” បងប្អូនអាចចូលរួមប្រើប្រាស់ទម្រង់ Facebook, TikTok ឬ Twitter(X) Frame លេី Profile Picture ទាំងអស់គ្នាបាន តាមវិធីដូចខាងក្រោម៖
របៀបបង្កើ់ត Profile Picture Frame៖

1> ចូលទៅកាន់តំណភ្ជាប់៖ https://twb.nz/funantechompwt

2> ចុចពាក្យ “Choose a Photo”

3> ជ្រើសរើសរូបភាពរបស់លោកអ្នក

4> ចុចពាក្យ “Download”

5> ចុចពាក្យ Done រួចជ្រើសរើសយកពាក្យ “Save Image”

6> យករូបភាពដែលបាន Save រួច upload ក្នុង Facebook, TikTok ឬ Twitter(X) ដើម្បីដូរ Profile Picture ជាការស្រេច ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner