៣ខែដើមឆ្នាំ Ferrari ចំណេញជាង ៣០០លានដុល្លារ

រ៉ូម៖ ក្រុមហ៊ុនផលិតរថយន្តប្រណីតអ៊ីតាលី Ferrari បានប្រកាសនៅថ្ងៃអង្គារថា ខ្លួនរកបានប្រាក់ចំណេញសុទ្ធចំនួន ៣៧៩លានដុល្លារ កើនឡើង ១៩ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤។

ក្រុមហ៊ុន Ferrari នៅថ្ងៃអង្គារដដែល ក៏បានរាយការណ៍ពីប្រាក់ចំណូលជាង ១.៦៩ពាន់លានដុល្លារ កើនឡើងចំនួន ១១ភាគរយ នៅត្រីមាសទី១ ឆ្នាំ២០២៤ ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុន Ferrari បានធ្លាក់ចុះ ៤.៧ភាគរយ។

ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អ៊ីតាលីនេះ បានចែកចាយរថយន្តសរុបចំនួន ៣,៥៦០គ្រឿងនៅទូទាំងពិភពលោក នៅចន្លោះខែមករា និងខែមីនា ឆ្នាំ២០២៤ ធ្លាក់ចុះ ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។

អឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្រ្វិក នៅតែជាទីផ្សារសំខាន់របស់ក្រុមហ៊ុន Ferrari ក្នុងត្រីមាសទី១ឆ្នាំនេះ ជាមួយនឹងការចែកចាយរថយន្តរហូតដល់ ១,៥៧៣គ្រឿង កើនឡើងចំនួន ៣ភាគរយ។ ការដឹកជញ្ជូនរថយន្តបានកើនឡើងចំនួន ៤ភាគរយនៅសហរដ្ឋអាមេរិក ប៉ុន្តែបានធ្លាក់ចុះមួយភាគប្រាំនៅប្រទេសចិន ទីក្រុងហុងកុង និងកោះតៃវ៉ាន់។

សម្រាប់រយៈពេលពេញមួយឆ្នាំ២០២៤ ក្រុមហ៊ុន Ferrari រំពឹងថា ប្រាក់ចំណូលរបស់ខ្លួននឹងកើនឡើងលើសពី ៧ភាគរយ ដល់ជាង ៦.៨៧ពាន់លានដុល្លារ ហើយប្រាក់ចំណូលប្រតិបត្តិការសរុប នឹងកើនឡើងជាង ២.៦៣ពាន់លានដុល្លារ។ សម្រាប់ផែនការនៅថ្ងៃអនាគត ក្រុមហ៊ុន Ferrari គ្រោងនឹងចេញលក់រថយន្តម៉ូដែលថ្មីៗចំនួន ១៥ម៉ូដែល ចាប់ពីចន្លោះឆ្នាំ២០២៣ និងឆ្នាំ២០២៦៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner