ឯកឧត្តម ឌិត ទីណា ៖ កាកបាទក្រហមកម្ពុជា មានគ្រប់កន្លែង ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងពិធីដែលរៀបចំឡើងនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងបញ្ហាប្រឈមផ្សេងៗទៀត ។

ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា កម្មវិធីនេះ ប្រារព្ធឡើងដើម្បីកៀរគរ ប្រមូលសប្បុរសជនក្នុងខេត្ត ចូលរួមក្នុងចលនាជាតិជាមួយកាកបាទក្រហមកម្ពុជា ដើម្បីការងារមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានា ។

ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា កាកបាទក្រហមកម្ពុជាមានគ្រប់កន្លែង និងមិនទុកនរណាម្នាក់ចោលឡើយ។ ឯកឧត្តម បន្ថែមថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទី៤ ដែលត្រូវយកចិត្តទុកដាក់ និងជំរុញ ទាំងការងារកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងវិស័យសំខាន់ៗផ្សេងទៀត ដើម្បីជួយខេត្ត ប្រជាពលរដ្ឋ រីកចម្រើន ទាំងសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមប្រធានក្រុមការងារ បញ្ជាក់ថា រាល់ការចូលរួមជាថវិកា និងសម្ភារ ពីសប្បុរសជន តែងតែបានកត់ត្រាយ៉ាងច្បាស់លាស់ ហើយថ្ងៃនេះ ឯកឧត្តមប្រធាន រង់ចាំស្វាគមន៍ និងទទួលសប្បុរសជន ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះ និងខ្លួនឯង។

ឯកឧត្តមប្រធាន បានប្រកាសប្រកាន់ជំហរបន្តបង្កើតចលនាមូលនិធិសប្បុរសជននេះ នៅឆ្នាំខាងមុខទៀត ហើយនៅពេលដែលមូលនិធិកើនឡើងនោះ ការជួយពលរដ្ឋកាន់តែមានសន្ទុះកើនឡើងផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner