ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ត្រូវបានតែងតាំងជាប្រធានកិត្តិយសសាខាកាក បាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥

កំពង់ចាម៖ លោកជំទាវ ពុំ ចន្ទីនី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំង ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាណត្តិទី៥ និងអបអរសាទរ ខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភា ។

ឯកឧត្តម អ៊ុន ចាន់ដា បានឡើងអានរបាយការណ៍អំពីសមិទ្ធផល ៤ឆ្នាំរបស់សាខា ដែលបានផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុត និងបានអប់រំផ្សព្វផ្សាយស្តីពី ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការងារសុខភាព និងការថែទាំសុខភាព សហគមន៍វិញ ក្រុមការងារ ឥស្សរជនឆ្នើម ថ្នាក់ជាតិ ថ្នាក់សាខា បានសហការរៀបចំ ទិវាសុខភាពមាតា ទារក និង កុមារ ២១ កុម្ភៈ-ទិវា ឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ទិវាពិភពលោក ប្រយុទ្ធនឹងជម្ងឺ អេដស៍១ធ្នូ និងកសាងសំណង់អនាម័យ ទឹកស្អាត តាម សាលារៀនគោលដៅទាំង៧ក្នុងស្រុក៥។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានសាទរចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និង ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សរុបចំនួន ៣៧រូប ដែលទើបតែងតាំងថ្មីក្នុងការជួយឧបត្ថម្ភគាំទ្រសកម្មភាពមនុស្សធម៌ និងចូលរួមជួយទទួលខុសត្រូវ ចំពោះមុខ គណៈកម្មាធិការកណ្តាល ជាពិសេសក្រោមការដឹកនាំប្រកបដោយ មគ្គុទ្ទេសភាពដ៏ឧត្តុង្គឧត្តម របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានប្តេជ្ញាចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខិតខំយកអស់កម្លាំងកាយចិត្ត រិះរកគ្រប់មធ្យោបាយ គៀងគរមូលនិធិទាំងថវិកានិងសម្ភារៈពីសប្បុរសជនគ្រប់មជ្ឍដ្ឋាន ក្នុងគោលបំណង រក្សាឱ្យបាននិរន្តរភាព ចិរភាពធនធាន និងភាពម្ចាស់ការ ក្នុងគណកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម អាចបំពេញបេសកកម្ម មនុស្សធម៌របស់ខ្លួនប្រកបដោយជោគជ័យ ។

បន្ទាប់ពីបានបញ្ចប់ពិធីប្រកាសតែងតាំងរួច ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានទទួលថវិកាពីសប្បុរសជន ដោយគិតជាតួលេខបណ្តោះអាសន្នបានជាង ៦៥ម៉ឺនដុល្លារអាមេរិក ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner