សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូនមួយ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកស្រី ឈឹម ប៉ែននីឡា ដែលជាម្តាយមីងជីដូនមួយ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅវត្តបទុមវតី។

យោងតាមសាររំលែកទុក្ខផ្ញើជូន ឯកឧត្តម ឈួន សុធី, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “ខ្ញុំ និងភរិយា មានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុត ក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកជំទាវ ឈឹម ប៉ែននីឡា ត្រូវជាភរិយា ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅ វេលាម៉ោង ១:៣០នាទីរំលងអធ្រាត្រ ដោយរោគាពាធ”។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ដោយក្តីអាឡោះអាល័យ ជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ភរិយា មាតា មាតា ក្មេក យាយ និងយាយទួតដែលប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌គម្រូមួយរូប ដែលកន្លងមកក្នុង ឆាកជីវិតរបស់ លោកជំទាវ បានប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ធ្វើពលិកម្ម សព្វបែបយ៉ាងដើម្បីរួមចំណែកគាំពារ និងជ្រោមជ្រែង ឯកឧត្តម ក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ព្រម ទាំង ខិតខំចិញ្ចឹម បីបាច់ថែរក្សា អប់រំទូន្មានបុត្រធីតា ចៅ និងចៅទួត រហូតក្លាយជាកុលបុត្រ កុលធីតាដ៏ ឆ្នើមរបស់សង្គមជាតិ ។

សម្តេចតេជោ បានបន្ថែមថា «ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ សូមបានចាប់កំណើតក្នុង សុគតិភពបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ» ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner