ឯកឧត្តម កើត ឆែ ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានី បន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ)៖ ឯកឧត្តម កើត ឆែ អភិបាលរង និងជាតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា រាល់ការលើកឡើងរបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំ ពេញនឹងបន្តខិតខំអនុវត្តភារកិច្ចរបស់ខ្លួនឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើ ថែមទៀតក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ និងបម្រើឲ្យការអភិវឌ្ឍន៍ រាជធានីភ្នំពេញ ។

ការងារចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក ខណ្ឌនាពេលខាងមុខដោយសារតែក្រុមអគតិប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នៅធ្វើសកម្មភាពនៅឡើយ។ ចលនាប្រើឆ័ត្រពណ៌លឿងដែលជាសញ្ញាបដិវត្តពណ៌នៅតែមាន ដូច្នេះយើងមិនត្រូវធ្វេសប្រហែសឡើយ ។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ ក្នុងអាណត្តិទី៣ នៃក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម កើត ម៉ប់ សារិន បានឱ្យដឹងថា ក្រុមប្រឹក្សារាជធានីភ្នំពេញបង្កើតឡើងដោយការបោះឆ្នោត ស្របតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុកខណ្ឌ ។ ជាតំណាងសាធារណៈ ជាអ្នកការពារ និងជាអ្នកបម្រើផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។

ឯកឧត្តម បន្តថា ទោះបីក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣ អនុវត្តបាននូវសមិទ្ធផលជាច្រើនគួរឱ្យគត់សំគាល់ក៏ដោយ ក៏ក្រុមប្រឹក្សារាជធានីភ្នំពេញនៅមានចំណុច សេសសល់មួយចំនួន ដូចជាការអភិវឌ្ឍន៍សមត្ថភាពសមាជិក សមាជិកាក្រុម ប្រឹក្សារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងលិខិតបទដ្ឋានគតិយុត្តិនានាពីថ្នាក់ជាតិដោយសហការជាមួយក្រុមប្រឹក្សាជាតិរាជធានី ខេត្ត ក្នុងការប្រាស្រ័យទាក់ទងជាមួយ ប្រជាពលរដ្ឋ និងការផ្តល់ឱកាសឱ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ៕

ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner