ក្រសួងរ៉ែ និងថាមពល ត្រៀមខ្លួនចូលរួមគ្រប់ដំណាក់កាលជាមួយក្រសួងមុខងារសាធារណៈ ក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងឱ្យបានរួចរាល់
(ភ្នំពេញ)៖ “ជាលទ្ធផលនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងរ៉ែ និងថាមពល ទោះបីយើងខ្ញុំមានការបង្កើតមុខងារ និងភារកិច្ចថ្មីៗនៅក្នុងអង្គភាពនៃក្រសួង ប៉ុន្តែក្រសួងបានខិតខំរៀបចំរចនាសម្ព័ន្ធមិនឱ្យរីកប៉ោង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី «ពង្រឹងជាជាងពង្រីក» និង«រៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ»។
នេះគឺជាការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាម ក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងរ៉ែ និងថាមពល» កាលពីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល (គ.វ.រ)។
ឯកឧត្តមរដ្ឋមន្រ្តី កែវ រតនៈ បានធ្វើការប្តេជ្ញាចិត្តថា “ដើម្បីធានាដល់ការប្រព្រឹត្តទៅរបស់ក្រសួង មានប្រសិទ្ធភាព និងប្រសិទ្ធផល យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងរ៉ែនិងថាមពលទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមគ្រប់ដំណាក់កាលបន្តបន្ទាប់ខាងមុខ ដើម្បីឈានដល់ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងរ៉ែនិងថាមពល ឱ្យបានរួចរាល់”។
ឯកឧត្តម កែវ រតនៈ បានលើកឡើងបន្ថែមថា អនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងរ៉ែនិងថាមពល បានរៀបចំរួចរាល់ និងបានរៀបចំជូនក្រសួងមុខងារសាធារណៈ នូវរបាយការណ៍ពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដែលបានកែសម្រួលតាមសេចក្តីព្រាងសារាចរស្តីការកំណត់មុខងារក្រសួង ស្ថាប័នក្នុងអង្គនីតិប្រតិបត្តិ ។ ក្រសួងក៏បានរៀបចំរួចរាល់នូវអនុក្រឹត្យពាក់ព័ន្ធការកំណត់មុខងារ និងរចនាសម្ព័ន្ធអង្គភាពចំណុះ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕





ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា