ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរតែត្រូវបានលើកកម្រិត ឱ្យកាន់តែខ្ពស់ថែមទៀត
(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតឥណ្ឌា បានលើកឡើងថា កម្ពុជា គឺជាដៃគូដ៏សំខាន់មួយរបស់ឥណ្ឌា ។ ដោយយោងលើ ទំនាក់ទំនងជាច្រើនទសវត្សរ៍ ភាពរីកចម្រើន នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា និងសក្តានុពលជាច្រើនទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា ទំនាក់ទំនងឥណ្ឌា-កម្ពុជា គួរត្រូវបានលើកកម្រិត កាន់ឱ្យតែខ្ពស់ថែមទៀត ។
ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្ដែង នូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌា ជូនចំពោះសម្ដេចបវរធិបតីផងដែរ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា និងកម្ពុជា ដោយឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសទាំងពីរ មានចំណងមិត្តភាព សាមគ្គីភាព និងជាប្រពៃណីជាយូរណាស់មកហើយ ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែង នូវការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-ឥណ្ឌា ព្រមទាំងថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានរួមចំណែក ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ពិសេស ការបណ្ដុះបណ្ដាល និងកសាងធនធានមនុស្ស។
សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា កម្ពុជា-ឥណ្ឌា នៅមានវិស័យសក្ដានុពលជាច្រើនទៀត ដែលជាឱកាស នៃការពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ។
សម្ដេចបវរធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់ថា តួនាទីរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត នឹងចូលរួមចំណែកបន្ថែមទៀត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីសក្តានុពលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន មានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ចកម្ម, ការវិនិយោគ, ការពារជាតិ និងសន្ដិសុខ, ទេសចរណ៍ និងវប្បធម៌, លទ្ធភាពនៃការបង្កើនជើងហោះហើរត្រង់ឥណ្ឌា-កម្ពុជា, ព្រមទាំងការជំរុញការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក៏ដូចជា រវាងធុរជននិងធុរជន។
សម្ដេចបវរធិបតីបានលើកទឹកចិត្តឯកឧត្តមឯកអគ្គរដ្ឋទូត បង្កើតទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង-ស្ថាប័នរបស់កម្ពុជា ដើម្បីជំរុញឱ្យកាន់តែខ្លាំងក្លាថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕




អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ