ប្រមុខការពារជាតិអាមេរិកធ្វើឲ្យបែកធ្លាយផែនការសង្គ្រាមសាជាថ្មី

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានចែករំលែកផែនការលំអិត អំពីប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមហ៊ូទីយេម៉ែន នៅក្នុងគ្រុបឆាតទី២ នៃកម្មវិធីផ្ញើសារ Signal ដែលលើកនេះមានរួមបញ្ចូលទាំងភរិយា បងប្រុស និងមេធាវីផ្ទាល់ខ្លួនរបស់លោក នេះបើតាមប្រភពពីមនុស្សចំនួនបីនាក់ក្នុងគ្រុបឆាតប្រាប់ទូរទស្សន៍ CNN។

កាសែត New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ការបែកធ្លាយនេះ គឺជាលើកទី២ហើយ ដែលលោក Hegseth ត្រូវបានចោទប្រកាន់ថា បានចែករំលែកព័ត៌មានរសើបយោធាលើកម្មវិធីផ្ញើសារធម្មតាមួយ ជាមួយបុគ្គលដែលមិនត្រូវបានអនុញ្ញាត។

ប្រមុខការពារជាតិអាមេរិករូបនេះ បានចែករំលែកព័ត៌មានអំពីការវាយប្រហារកាលពីថ្ងៃទី១៥ ខែមីនា នៅក្នុងគ្រុបឆាតទី២ នៅលើកម្មវិធី Signal ហើយព័ត៌មានទាំងនោះ រួមមានពេលវេលានៃការចេញធ្វើប្រតិបតិ្តរបស់យន្ដហោះចម្បាំង F-18 ដើម្បីវាយប្រហារលើក្រុមហ៊ូទី។

ប៉ុន្តែខុសប្លែកពីការបែកធ្លាយកាលពីលើកមុន ដែលអ្នកកាសែត Jeffrey Goldberg ត្រូវបានបញ្ចូលក្នុងគ្រុបឆាតដោយចៃដន្យ ដោយគ្រុបឆាតលើកនេះត្រូវបានបង្កើតឡើងដោយលោក Hegseth ផ្ទាល់តែម្ដង។

គ្រុបឆាតទី២នេះ លោក Hegseth បានដាក់បញ្ចូលភរិយារបស់លោក គឺលោកស្រី Jennifer ជាអ្នកសារព័ត៌មានម្នាក់ និងជាអតីតអ្នកផលិតកម្មវិធីសម្រាប់ទូរទស្សន៍ Fox News រួមទាំងបងប្អូនប្រុសរបស់លោក គឺលោក Phil និងលោក Tim Parlatore ដែលអ្នកទាំង២នាក់នេះកំពុងបម្រើការងារនៅមន្ទីរបញ្ចកោណ។

សូមរម្លឹកថា លោក Hegseth ត្រូវចោទថា បានចែករំលែកព័ត៌មានលម្អិតដូចគ្នានេះកាលពីខែមុន ដែលត្រូវលាតត្រដាងដោយទស្សនាវដ្តី The Atlantic បន្ទាប់ពីនិពន្ធនាយករបស់ខ្លួនគឺលោក Jeffrey Goldberg ត្រូវបានច្រលំដាក់បញ្ចូលទៅក្នុងក្រុមជជែកដាច់ដោយឡែកមួយផ្សេងទៀតនៅលើកម្មវិធីផ្ញើសារ Signal ដែលជាឧប្បត្តិហេតុដ៏អាម៉ាស់មួយ ពាក់ព័ន្ធនឹងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់បំផុតរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ៕

ប្រភព ៖ CNN និង New York Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner