ចិនផលិតបានគ្រាប់បែកអ៊ីដ្រូសែនខ្លាំងជាង TNT ដល់ទៅ ១៥ ដង
ប៉េកាំង ៖ ជារបកគំឃើញថ្មីមួយរបស់ពិភពលោក ក្រុមអ្នកស្រាវជ្រាវចិនផលិតបាន និង ធ្វើតេស្តទទួលជោគជ័យនូវគ្រាប់បែកអ៊ីដ្រូសែនមិនមែននុយក្លេអ៊ែរ ដែលបង្កើតបានជាដុំភ្លើងដ៏ធំ និង មានប្រសិទ្ធភាពខ្ពស់ជាងការផ្ទុះគ្រាប់បែកបែបប្រពៃណីឆ្ងាយណាស់ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត South China Morning Post។
របាយការណ៍បានឱ្យដឹងថា អ្នកជំនាញមួយក្រុមមកពីវិទ្យាស្ថានស្រាវជ្រាវ Shipbuilding Corporation របស់រដ្ឋចិន (CSSC) 705 ដែលជាតួអង្គសំខាន់អភិវឌ្ឍប្រព័ន្ធអាវុធក្រោមទឹក បានបង្កើតគ្រាប់បែកទម្ងន់ ២ គីឡូក្រាម ដែលផ្សំឡើងពីម៉ាញ៉េស្យូមអ៊ីដ្រាត (magnesium hydride) ដោយមានសារធាតុផ្ទុះធម្មតាបម្រើជាកាតាលីករ។
ក្នុងកំលុងការធ្វើតេស្ត គ្រាប់បែកនេះ ត្រូវបានគេរាយការណ៍ថា បានបង្កើតដុំភ្លើងដ៏ធំមានសីតុណ្ហភាពលើសពី ១.០០០ អង្សាសេ ដែលមានរយៈពេលជាង ២វិនាទី ខ្លាំងជាង ១៥ដង បើធៀបនឹងការបំផ្ទុះគ្រាប់បែក TNT។
កាសែត South China Morning Post បានដកស្រង់សម្តីលោក Wang Xuefeng ជាអ្នកវិទ្យាសាស្ត្រនៅ CSSC ថា សមត្ថភាពពិសេសរបស់គ្រាប់បែកនេះ គឺវាអាចបំផ្លាញគោលដៅនៅទូទាំងតំបន់ដ៏ធំយ៉ាងងាយស្រួល ជាពិសេសការកម្ទេចរចនាសម្ព័ន្ធការពារ និងរថពាសដែកសត្រូវ។
រកបកគំឃើញថ្មីនេះ កំពុងជំរុញចិនឱ្យបង្កើតវិធីសាស្រ្តផលិតកម្មម៉ាញេស្យូមអ៊ីដ្រាតមានតម្លៃធូរថ្លៃជាងមុន និង មានសុវត្ថិភាពជាងមុន ហើយបានសាងសង់រោងចក្រដែលមានសមត្ថភាពផលិតសមាសធាតុនេះរហូតដល់ ១៥០តោនក្នុងមួយឆ្នាំ៕
ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា
