សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើក សម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញបើកសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ បានឱ្យដឹងថា ព្រឹទ្ធសភា បានបើកសម័យប្រជុំលើកទី៣ ដោយមានរបៀបវារៈតែមួយ គឺ ស្តាប់របាយការណ៍ សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី២ និងលើកទី៣ នីតិកាលទី៥ ។

ក្នុងអំឡុងរយៈពេលបីខែ នៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី២ និងលើកទី៣ (៦ មករា – ៦ មេសា ២០២៥)នីតិកាលទី៥ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកា នៃព្រឹទ្ធសភា បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួនស្របតាមប្រការ៥៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ដោយសម្រេចបានលទ្ធផលផ្លែផ្កាជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ ។

គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំចំនួន៣លើក និងប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ចំនួន២លើក ដើម្បីពិនិត្យ និងអនុម័តលើសេចក្តី ស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងពិនិត្យហើយឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ និងសេចក្តីព្រាងច្បាប់ ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

គណៈកម្មការនានារបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់ បំពេញការងារយ៉ាងសកម្ម ដោយបានជួបពិភាក្សាការងារជាមួយនឹងក្រសួង ស្ថាប័ននានា និងការចុះតាមបណ្តារាជធានី-ខេត្ត ចំនួន២៧លើក ដើម្បីធ្វើការតាមដាន និងពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ។

ព្រឹទ្ធសភា បានទទួលពាក្យបណ្ដឹងចំនួន៣១ករណី បានពិនិត្យ និងបញ្ជូនពាក្យបណ្ដឹងទៅក្រសួង ស្ថាប័ន ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន និងអាជ្ញាធរខេត្តពាក់ព័ន្ធចំនួន១៩បណ្ដឹង កំពុងពិនិត្យសិក្សាចំនួន១២បណ្ដឹង តម្កល់ទុក មិនចាត់ការចំនួន៧បណ្ដឹង ផ្តល់ព័ត៌មាន ទៅម្ចាស់បណ្ដឹងចំនួន ២៥បណ្ដឹង ទទួលលិខិត ឆ្លើយតបពីការដោះស្រាយពីស្ថាប័នពាក់ព័ន្ធចំនួន៥បណ្ដឹង។

ចំពោះមុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងរយៈពេល ៣ខែ នៃចន្លោះសម័យប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី និងក្នុងនាមជាប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយភ្ញៀវអន្តរជាតិ ឯកអគ្គរាជ/រដ្ឋទូត និងស្ថាប័ននានា ចំនួន១៤លើក ព្រមទាំងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ, ចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-ឡាវ-វៀតណាម នៅប្រទេសវៀតណាម។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា បានជួបសន្ទនា និងពិភាក្សា ជាមួយនឹងតួអង្គពាក់ព័ន្ធទាំងអស់ រួមមាន ថ្នាក់ដឹកនាំបរទេសគ្រប់ជាន់ថ្នាក់ អង្គទូត នៃបណ្តាប្រទេសជាមិត្តរបស់កម្ពុជា ដៃគូអភិវឌ្ឍន៍ ថ្នាក់ដឹកនាំអង្គការអន្តរជាតិ ក៏ដូចជាស្ថាប័ន ផ្នែកធុរកិច្ច សង្គម ស្រាវជ្រាវ និងអង្គការ ស្ថាប័ននានា និងចូលរួមពិធីផ្លូវការផ្សេងៗ ចំនួន២៦លើក ព្រមទាំងចូលរួមកិច្ចប្រជុំ គណៈកម្មាធិការចិន្ត្រៃយ៍ នៃសភាប្រើភាសាបារាំង (APF) និងកិច្ចប្រជុំពាក់ព័ន្ធ នៅបណ្ដាប្រទេសមួយចំនួនទៀត ។

ក្នុងឱកាសនេះដែរ ព្រឹទ្ធសភា ក៏បានសម្តែងអំណរគុណ ចំពោះការគាំទ្រដ៏ថ្លៃថ្លា ពីស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់និងគតិបណ្ឌិតខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការល្អ បង្កលក្ខណៈងាយស្រួល ដល់គណៈកម្មការនានា នៃព្រឹទ្ធសភា ក្រុមភូមិភាគ ក្រុមសមាជិកា និងសមាជិក សមាជិកាព្រឹទ្ធសភាទាំងអស់ បានជួបសំណេះសំណាល ប្រាស្រ័យការងារ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមភូមិភាគទាំង៨ ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner