សម្តេចតេជោ ហ៊ុន សែន ចាត់ទុកដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ស៊ី ជីនភីង មកកម្ពុជា ផ្តល់ផលប្រយោជន៍ច្រើន លើទំនាក់ទំនងប្រទេសទាំងពីរ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតីនៃប្រទេសចិន មកកាន់កម្ពុជានាពេលថ្មីៗនេះ បានផ្តល់ផលប្រយោជន៍ យ៉ាងច្រើនទៅលើទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស គឺទំនាក់ទំនងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាការគាំទ្រយ៉ាងសំខាន់ ។
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីបើកសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តថា អ្វីដែលកម្ពុជា ត្រូវមើលឃើញ គឺនៅត្រង់ថា ល្បឿននៃការជីកព្រែកជីកហ្វូណនតេជោ នឹងបន្ត។
សម្តេចប្រធានព្រឺទ្ធសភា បានបញ្ជាក់ថា ព្រែកជីកនេះ បើទោះបីជា មាន ឬគ្មានមិត្តចិន ក៏កម្ពុជា ត្រូវតែធ្វើឱ្យបានដែរ ។ ប៉ុន្តែ ជាភ័ព្វសំណាងរបស់កម្ពុជា មិត្តចិន បានប្រកាសនៅក្នុងការផ្តល់ជំនួយ ក៏ដូចជា ឱ្យក្រុមហ៊ុនមកចូលរួម សម្រាប់ដំណើរការ ព្រែកជីកនេះ ដែលកម្ពុជា នឹងសម្រេច នូវព្រែកជីកនេះ ឱ្យបានលឿន ដែលយើងបានកំណត់ ។
សូមរម្លឹកថា នៅក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នាឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន បានលើកឡើងថា ភាគីចិន គាំទ្រ ជាពិសេស គាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជា កំពុងតែដំណើរការសាងសង់ ហើយភាគីចិន គាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការសាងសង់ ព្រែកជីកនេះ ៕





ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ