លោក ពូទីន ថា រុស្ស៊ីត្រៀមខ្លួនជានិច្ច សម្រាប់ការចរចាបញ្ចប់សង្គ្រាម
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រូបលោកបើកចិត្តជានិច្ច ចំពោះការចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែន ដើម្បីបិទបញ្ចប់សង្គ្រាមជាង ៣ ឆ្នាំកន្លងមកនេះ។
មេដឹកនាំវិមានក្រឹមឡាំងរូបនេះ បានថ្លែងប្រាប់អ្នកសារព័ត៌មានទូរទស្សន៍រដ្ឋថាថា យើងតែងតែនិយាយថា យើងមានអាកប្បកិរិយាវិជ្ជមានចំពោះគំនិតផ្តួចផ្តើមសន្តិភាពទាំងអស់។ ហើយយើងសង្ឃឹមថា អ្នកតំណាងអ៊ុយក្រែននឹងមានអារម្មណ៍ដូចគ្នា។
ទោះជាយ៉ាងណា លោកប្រធាធិបតី ពូទីន ក៏ព្រមានផងដែរថា រុស្ស៊ីនឹងនៅតែកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រោះកងទ័ពអ៊ុយក្រែន និងបរទេសបានប្រើទីតាំងទាំងនេះ ជាកន្លែងលាក់ខ្លួន និងធ្វើជាខែល ហើយយកទីតាំងទាំងនោះប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម។
ចំណែកអ៊ុយក្រែននឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីជួបជាមួយសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត នៅថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សារកវិធីបញ្ចប់សង្រ្គាមដែលអូសបន្លាយជាងបីឆ្នាំ។
បើទោះបីជាមានការបង្ហាញជំហរបើកចំហខ្លះៗក៏ដោយ ក៏គេមិនទាន់ឃើញមានសញ្ញាជាក់ស្តែងណាមួយ នៃការឈានទៅរកកិច្ចចរចាសន្តិភាពប្រកបដោយផ្លែផ្ការវាងរុស្ស៊ី និងអ៊ុយក្រែននៅឡើយទេ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា