ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West ជួបពិភាក្សាគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន

(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ- អន្តរជាតិ និងលោកជំទាវ Catherine West រដ្ឋលេខាធិការទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក របស់ក្រសួងការបរទេសអង់គ្លេស បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងដ៏រឹងមាំ និងកំពុងរីកចម្រើនរវាងកម្ពុជា និងអង់គ្លេស។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម ប្រាក់ សុខុន ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវនៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកជំទាវ Catherine West បានពិភាក្សាគ្នាផងដែរអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការអភិវឌ្ឍ និងការបោសសម្អាតមីន។ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើឱកាសសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ដោយគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃ កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី៣ រវាងប្រទេសទាំងពីរ នៅរាជធានីភ្នំពេញក្នុងឆ្នាំនេះ ។

លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការពេញចិត្តចំពោះការ កើនឡើងនៃទំហំពាណិជ្ជកម្មដែលឈានដល់ជិត១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបញ្ចូលកម្ពុជា ក្នុងប្រទេសដែលទទួលបានផល ប្រយោជន៍ក្រោមគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (DCTS)។ លោកជំទាវ West បានសម្តែង ការកោតស្ញប់ស្ញែងចំពោះការកសាងអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners ហើយបានចាត់ទុកថា នោះគឺជាគំរូនៃកិច្ចសហប្រតិបត្តិការ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានជម្រាបជូនលោកជំទាវ Catherine West អំពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបបញ្ហាការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត រួមទាំងការ បង្កើតគណៈកម្មការជាតិថ្មីមួយ ដែលដឹកនាំដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវរដ្ឋលេខាធិការ ក៏បានពិភាក្សា និងឯកភាពគ្នាលើការជំរុញកិច្ចសហប្រតិ បត្តិការកាន់តែស៊ីជម្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែននេះ។

ឯកឧត្តម ប្រាក់ សុខុន និងលោកជំទាវ Catherine West ក៏បានផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ និងបានបញ្ជាក់ជាថ្មីនូវការគាំទ្របេក្ខភាពគ្នាទៅវិញទៅមក ក្នុងអង្គការអន្តរ ជាតិនានា៕

ដោយ ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner