គម្រោងផលិតយន្តហោះដើរដោយអ៊ីដ្រូសែនដំបូងបំផុតលើលោករបស់ Airbus ត្រូវប្រកាសផ្អាក

ប៉ារីស ៖ ក្រុមហ៊ុនផលិតយន្តហោះអឺរ៉ុប Airbus មានផែនការពន្យារពេលអភិវឌ្ឍលើគម្រោងផលិតយន្តហោះដើរដោយថាមពលអ៊ីដ្រូសែនរបស់ខ្លួន បន្ទាប់ពីបានចំណាយលុយអស់ជិត ២ ពាន់លានដុល្លារ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal។

ផ្អែកតាមសារព័ត៌មាន RT Airbus ធ្លាប់បានប្រកាសនៅឆ្នាំ ២០២០ ថា ក្រុមហ៊ុនយក្សអឺរ៉ុបមួយនេះ មានបំណងដាក់ឱ្យដំណើរការយន្តហោះគ្មានការបំភាយឧស្ម័ន ឬយន្តហោះដើរដោយថាមពលអ៊ីដ្រូសែននៅឆ្នាំ ២០៣៥ ដោយហៅផែនការប្រកបដោយមហិច្ឆតានេះថា ជារបកគំហើញដ៏មានសក្តានុពលសម្រាប់វិស័យអាកាសចរណ៍ពិភពលោក។

ទោះជាយ៉ាងណា មនុស្សដែលដឹងពីបញ្ហានេះបានប្រាប់កាសែត Wall Street Journal ថា Airbus បានវិនិយោគជាង ១.៧ ពាន់លានដុល្លារលើគម្រោងដ៏មានសក្តានុពលនេះ ប៉ុន្តែក្រុមហ៊ុនបានប្រកាសកាលពីឆ្នាំមុនថា ឧបសគ្គបច្ចេកទេស និង បញ្ហាសេដ្ឋកិច្ចក្នុងការអភិវឌ្ឍបច្ចេកវិទ្យាអ៊ីដ្រូសែន បានរារាំង Airbus មិនឱ្យសម្រេចបានតាមគោលដៅរបស់ខ្លួន។

ហើយកាលពីដើមខែកុម្ភៈ Airbus ក៏បានជូនដំណឹងដល់បុគ្គលិកផងដែរថា ថវិការបស់គម្រោងនេះនឹងត្រូវកាត់បន្ថយ ហើយពេលវេលាកំណត់របស់វាក៏ត្រូវពន្យារពេល ចំណែកកាលបរិច្ឆេតថ្មីក៏មិនត្រូវបានជូនដំណឹងទេ។

ទន្ទឹមគ្នា ក្រុមហ៊ុនថាមពលធំៗនៅអឺរ៉ុបមួយចំនួនក៏កំពុងគិតឡើងវិញ ចំពេលមានការចំណាយខ្ពស់ និង ពិបាកក្នុងការផ្លាស់ប្តូរឆ្ងាយពីថាមពលឥន្ធនៈហ្វូស៊ីល នេះបើយោងតាមទស្សនាវដ្តីឧស្សាហកម្មឈានមុខគេ Windpower Monthly។

យ៉ាងណា សហភាពអឺរ៉ុបបានជំរុញឱ្យវិស័យអាកាសចរណ៍កាត់បន្ថយការបំភាយឧស្ម័ន ស្ថិតក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលមានគោលបំណងដឹកនាំរដ្ឋសមាជិកប្លុកនេះ ក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner