ឯកឧត្តម ឌិត ទីណា ៖ ចំនួនសត្វផ្សោតទន្លេមេគង្គកើនឡើងជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្តែងការស្វាគមន៍ និងក្តីសោមនស្សរីករាយនូវកិច្ចសហការជាមួយគ្នានាពេលកន្លងមក ជាមួយអង្គការ WWF ពីការកើនឡើងនៃចំនួនសត្វផ្សោតទន្លេមេគង្គជាបន្តបន្ទាប់ដែលជារតនសម្បត្តិរបស់ជាតិ។
បើតាមឯកឧត្តមរដ្ឋមន្ដ្រី នេះជាភាពជោគជ័យនៃកិច្ចសហការរវាងក្រសួងកសិកម្ម និងអង្គការ WWF ជួយលើកមុខមាត់ប្រទេសកម្ពុជា ទាំងនៅក្នុងតំបន់ និងនៅលើឆាកអន្ដរជាតិ ក្នុងការថែរក្សាសត្វផ្សោតទន្លេមេគង្គ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងដូចនេះក្នុងជំនួបជាមួយលោក ចាប វិបុល នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់អង្គការបន្តចូលរួមគាំទ្រក្នុងការងារព្រៃឈើ និងគិតគូរលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសំខាន់ ធ្វើយ៉ាងណាថ្លឹងថ្លែងតុល្យភាពរវាងការអភិរក្ស និងការអភិវឌ្ឍឱ្យមាននិរន្តរភាព។
ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់បន្ថែមថា សម្រាប់ក្រសួងកសិកម្ម អង្គការ WWF ជាដៃគូដ៏ល្អ ហើយក្រសួងនឹងបន្តសហការជាមួយអង្គការ WWF លើគម្រោងដែលមានស្រាប់ និងជំរុញពិភាក្សាគម្រោងថ្មីៗបន្ថែមទៀត ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
ប្រភព ៖ ក្រសួងកសិកម្ម








