មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ Tan Sri Dato Wira Muhammad Hafizuddeain Bin Jantan មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានកោតសរសើរកម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ។

ឯកឧត្តម ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍបន្ថែមទៀត ដែលក្នុងនោះវិស័យកងទ័ពក៏នឹងមានការអភិវឌ្ឍ​និងរីកចម្រេីន ផងដែរ។

ឯកឧត្តមមេបញ្ជាការ បានគោរពរាយការណ៍ជូនសម្តេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួប​ពិភាក្សាការងាររបស់ឯកឧត្តម ជាមួយថ្នាក់ដឹកនាំកងទ័ពកម្ពុជា និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃចំណងមិត្តភាពម៉ាឡេស៊ី-កម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំងពីរ។

ឯកឧត្តមបានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍, ការហ្វឹកហាត់​ និង​ការសិក្សារៀនសូត្រ​ទៅវិញ​ទៅមក​ រវាងកងទ័ពនៃប្រទេសទាំងពីរ។​

ឯកឧត្តមក៏បានគូសបញ្ជាក់ជូនថា​ កងទ័ពម៉ាឡេស៊ីមានបំណងចង់សិក្សារៀនសូត្រពីបទពិសោធន៍ជោគជ័យរបស់កម្ពុជា​ ចំពោះកងទ័ពរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការបោសសម្អាតមីន។

ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងក្តីរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ និងជឿជាក់ថា លទ្ធផលនៃជំនួបពិភាក្សាការងាររវាងថ្នាក់ដឹកនាំកងទ័ព នឹងជំរុញកិច្ចសហប្រតិបត្តិការ បន្ថែមទៀត។

សម្តេចបវរធិបតីបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់​ ជាពិសេសលើការបណ្តុះបណ្តាល, លំហាត់ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ, ការប្រយុទ្ធប្រឆាំងភេរវកម្ម និងការចែករំលែកបទពិសោធន៍ជោគជ័យនានា ដើម្បីពង្រឹងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធថែមទៀត។

សម្តេចបវរធិបតីក៏បានគូសបញ្ជាក់ពីការកែទម្រង់សាលាហ្វឹកហ្វឺនកងទ័ពនៅកម្ពុជា ដើម្បីពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner