កម្ពុជា អរគុណថៃ ដែលលើកលែងថ្លៃទិដ្ឋាការ សម្រាប់ពលរដ្ឋខ្មែរ មកលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

(ភ្នំពេញ)៖ ក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួម ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី កន្លងទៅថ្មីៗនេះ ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា ខ្ញុំសូមអរគុណមិត្តថៃ ដែលបានបន្តយកចិត្តទុកដាក់ ចំពោះពលករកម្ពុជា ដែលថ្មីៗនេះ បានលើកលែង ថ្លៃទិដ្ឋាការ អនុញ្ញាតឱ្យចូលប្រទេសវិញ (Re-entry Permit Fee) សម្រាប់ពលករខ្មែរ ដែលមកលេងកម្ពុជា ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី កន្លងទៅនេះ ដើម្បីបានជួបជុំគ្រួសារ ស្របតាមការស្នើសុំរបស់ខ្ញុំកន្លងទៅ ។

សូមរំលឹកថា ការលើកលែងតម្លៃសេវា ការអនុញ្ញាត ចេញ-ចូល ប្រទេសថៃ (Re-entry permit) បានចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ដល់បងប្អូនពលករខ្មែរ អំឡុងពេលពិធីបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិ គឺជាការឯកភាពព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងប្រទេសថៃ នាពេលកន្លងមក ។

គួរជម្រាបជូនថា បងប្អូនពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ ចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ លើកឡើងថា ការចូលមកប្រទេសកម្ពុជា នៅតាមច្រកព្រំដែនអន្តរជាតិ ពុំមានការបង់ប្រាក់លើសេវា ចេញ-ចូលនោះទេ ។ បងប្អូនពលករខ្មែរ សប្បាយចិត្តជាខ្លាំង នៅពេលដែលត្រលប់មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ ដោយពុំមានការចំណាយ លើថ្លែសេវាអស់ទាំងនេះ វាអាចជួយសម្រួល ការចំណាយមួយផ្នែកសម្រាប់ពលករ ដែលវិលមកប្រទេសកម្ពុជាវិញ ។

បងប្អូនពលករខ្មែរ បានអរគុណរាជរដ្ឋាភិបាលកម្ពុជា អរគុណ សម្តេចធិបតី ហ៊ុន ម៉ាណែត និងក្រសួងការងារ ដែលខិតខំបំពេញការងារ ជួយសម្រួលអន្តរាគមន៍ ជូនពលករខ្មែរធ្វើការនៅប្រទេសថៃ រហូតមានការលើកលែងតម្លៃសេវាចេញ ចូល រៀងរាល់ឆ្នាំ ។ នេះជាការយកចិត្តទុកដាក់ ពីសំណាក់រដ្ឋាភិបាល ចំពោះសុខទុក្ខបងប្អូនពលករខ្មែរ ៕

ដោយ ៖ ស៊ូ វណ្ណលុក
រូពភាព ៖ វេង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner