អន្តរក្រសួង ស្ថាប័ន រួមគ្នាកែលម្អ និងរៀបចំក្រុង ក្នុងគោលដៅឱ្យប្រទេសកម្ពុជាឱ្យក្លាយជារដ្ឋទំនើប
(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ក្នុងការងារកែលម្អ និងរៀបចំក្រុងឱ្យបានល្អប្រសើរមានរបៀបរៀបរយ ក្នុងគោលដៅរួមគ្នារៀបចំប្រទេសកម្ពុជាឱ្យក្លាយជារដ្ឋទំនើបថ្លែងក្នុងកិច្ចប្រជុំពិភាក្សាការងារកែលម្អ និងរៀបចំក្រុង នារសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍លើកឡើងអំពីកិច្ចការជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវរួមគ្នាអនុវត្តជាមួយក្រុមការងារជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកែលម្អ និងរៀបចំក្រុង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឱ្យកាន់តែល្អប្រសើរ មានសោភណភាព មានភាពទាក់ទាញ សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចរឹងមាំយូរអង្វែងសម្រាប់សង្គមជាតិកម្ពុជា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកកិច្ចការអាទិភាពទីមួយរួមមាន កំពង់ផែ ព្រលានយន្តហោះ ផ្លូវតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជនបទចាំបាច់ គឺជាកិច្ចការស្នូលនៅក្នុងកិច្ចការនគរូបនីយកម្ម សំដៅកសាងបាននូវខឿនសេដ្ឋកិច្ចចាំបាច់សម្រាប់សង្គមជាតិ និងធានាបាននូវដំណើរការសេដ្ឋកិច្ចសង្គមរបស់កម្ពុជារយៈពេលយូរអង្វែង ។
ឯកឧត្តមឧនាយករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា អ្វីដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរៀបចំកែលម្អទាំងអស់នេះ គឺក្នុងគោលដៅសម្រេចឱ្យបានចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ ២០៥០ ដោយប្រែក្លាយកម្ពុជាពីគំនរផេះផង់នៃសង្គ្រាមមកទទួលបានសន្តិភាពក្នុងសម័យសម្ដេចតេជោ ហ៊ុន សែន និងបន្តមកដល់សម័យសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាសម័យទំនើបកម្មកម្ពុជា ៕





ដោយ / គ្រី សម្បត្តិ