អភិបាលក្រុងកៀវថា អ៊ុយក្រែនប្រហែលចៀសមិនផុត ពីការកាត់ដីឲ្យរុស្ស៊ី ដើម្បីបានសន្តិភាព
បររទេស ៖ លោក Vitali Klitschko អភិបាលរដ្ឋធានីកៀវ នៃ ប្រទេសអ៊ុយក្រែន បានអះអាងថា អ៊ុយក្រែន ប្រហែលចៀសមិនផុត ពីការលះបង់ដី ឲ្យទៅភាគីរុស្ស៊ី ដើម្បីទទួលបានសន្តិភាព នោះទេ បើទោះបីជាការធ្វើបែបនេះ គឺជារឿងអយុត្តិធម៌ ក៏ដោយ នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃសុក្រនេះ។
ថ្លែងក្នុងកម្មវិធី BBC Radio 4’s Today លោក Vitali Klitschko បានអះអាងថា នេះគឺជាសេណារីយ៉ូមួយ ដែលមិនយុត្តិធម៌ទេ។ ប៉ុន្តែ ដើម្បីសន្តិភាព បណ្តោះអាសន្ន ការកាត់ដីឲ្យបែបនេះ អាចជាដំណោះស្រាយ។ យ៉ាងណាមិញ លោកបានសង្កត់ធ្ងន់ថា ប្រជាជនអ៊ុយក្រែន នឹងមិនទទួលយកការគ្រប់គ្រង ដោយរុស្ស៊ី នោះឡើយ។
បុរសដែលជាដៃគូប្រកួតប្រជែងនយោបាយ មួយរូប របស់លោកប្រធានាធិបតី Volodymyr Zelensky រូបនេះ បាននិយាយទៀតថា លោក Zelensky អាចត្រូវបានបង្ខំ ឱ្យទទួលយក «ដំណោះស្រាយដ៏ឈឺចាប់» នេះ ដើម្បីសម្រេច បានសន្តិភាព។
ការលើកឡើងជាសាធារណៈ របស់អតីតកីឡាករប្រដាល់ ដ៏ល្បីឈ្មោះ វ័យ៥៣ឆ្នាំ រូបនេះ បានកើតមានឡើង ចំពេលមានសម្ពាធ កាន់តែខ្លាំងឡើង ពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់ឲ្យប្រទេសខ្លួន ធ្វើសម្បទានដី ឲ្យទៅរុស្ស៊ី។
ថ្មីៗនេះ លោក Trump ថែមទាំងបានចោទប្រកាន់ លោក Zelensky ពីការធ្វើឲ្យប៉ះពាល់ ដល់ការចរចាសន្តិភាពទៀតផង ពោលគឺ បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនរូបនេះ បានបដិសេធសំណើឲ្យរុស្ស៊ី គ្រប់គ្រងលើតំបន់ Crimea ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព៕
ប្រភពពី BBC ប្រែសម្រួល៖ សារ៉ាត