ចំណាយយោធាលើពិភពលោក ឡើងដល់ ២.៧ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៤

ស្តុកខុល ៖ ពិភពលោកជះលុយរហូតដល់ ២.៧២ ពាន់ពាន់លានដុល្លារលើវិស័យយោធាក្នុងឆ្នាំ ២០២៤ កើនឡើងចំនួន ៩.៤ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ តួលេខនេះហក់ឡើងខ្ពស់បំផុត គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ។

ផ្អែកតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ហៅកាត់ SIPRI បានឱ្យដឹងថា ការដែលពិភពលោកចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យយោធាបែបនេះ មូលហេតុចម្បងគឺដោយសារតែភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ជាពិសេសនៅតំបន់អឺរ៉ុប និងមជ្ឈិមបូព៌ា ជាទីដែលប្រទេសនានានាំគ្នាបង្កើនការចំណាយលើវិស័យយោធារៀងៗខ្លួន។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និង ភាពជាអ្នកដឹកនាំស្រពិចស្រពិលនៃរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះអង្គការ NATO បានជំរុញឱ្យការចំណាយដ៏ច្រើនលើសលុបលើវិស័យយោធាក្នុងតំបន់អឺរ៉ុប ក្នុងនោះរួមមានទាំងរុស្ស៉ី ស្ទុះឡើងដល់ទៅ ១៧ ភាគរយ តួលេខនេះហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីសង្រ្គាមត្រជាក់បិទបញ្ចប់មក។

រីឯអាមេរិកវិញ ក៏បង្កើនការចំណាយរហូតដល់ ៩៩៧ ពាន់លានដុល្លារ កើនឡើង ៥.៧ ភាគរយ ឬស្មើនឹង ៦០ ភាគរយនៃការចំណាយយោធាសរុបរបស់អង្គការ NATO និង ៣៧ ភាគរយនៃការចំណាយយោធានៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២៤។ ចំណែករុស្ស៉ីវិញ បានចំណាយលើយោធា ១៤៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ កើនឡើង ៣៨ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ហើយកើនឡើងទ្វេដង បើធៀបនឹងឆ្នាំ ២០១៥។

បើតាមវិទ្យាស្ថាន SIPRI ប្រទេសច្រើនជាង ១០០ ជុំវិញពិភពលោក បានបង្កើនការចំណាយលើវិស័យយោធារៀងខ្លួនៗក្នុងឆ្នាំ ២០២៤ ប្រការនេះត្រូវបានអ្នកជំនាញរំពឹងថា វាអាចនឹងបង្កផលប៉ះពាល់ដល់វិស័យផ្សេងទៀត ជាពិសេសសេដ្ឋកិច្ច និង សង្គមក្នុងរយៈពេលច្រើនឆ្នាំទៅមុខ៕

ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner