រុស្ស៊ីសង់ស្ពានប្រវែង ៨៦០ ម៉ែត្រភ្ជាប់ទៅកូរ៉េខាងជើង ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

មូស្គូ ៖ ទីក្រុងព្យុងយ៉ាងបានចាត់ទុកការសាងសង់ស្ពានដំបូង ដែលតភ្ជាប់កូរ៉េខាងជើង-រុស្ស៊ី ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

ថ្លែងក្នុងពិធីសម្ពោធការដ្ឋានសាងសង់ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បាននិយាយថា សារៈសំខាន់របស់ស្ពាននេះ គឺលើសពីភារកិច្ចវិស្វកម្ម ព្រោះវាជានិមិត្តរូបនៃបំណងប្រាថ្នារួមរបស់យើង ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព អ្នកជិតខាងល្អ និងបង្កើនកិច្ចសហប្រតិបត្តិការអន្តរតំបន់។

សម្ព័ន្ធមិត្តទាំងពីរបានចាប់ផ្តើមដំណើរការសាងសង់ស្ពានផ្លូវថ្នល់ថ្មីនេះ កាលពីថ្ងៃពុធ បន្ទាប់ពីការពិភាក្សាអស់ជាច្រើនឆ្នាំ ហើយត្រូវបានយល់ព្រមក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ២០២៤។

ផ្អែកតាមសេចក្តីរាយការណ៍របស់កាសែតរុស្ស៊ី Kommersant ស្ពាននេះមានប្រវែង ៨៥០ម៉ែត្រ តភ្ជាប់ទៅប្រព័ន្ធផ្លូវជាតិរបស់រុស្ស៊ី ហើយត្រូវបានរំពឹងថា នឹងសាងសង់រួចរាល់នៅរដូវក្តៅឆ្នាំ២០២៦។ ស្ពាននេះសាងសង់នៅជិត «ស្ពានមិត្តភាព» ដែលជាស្ពានរថភ្លើងមានស្រាប់សាងសង់តាំងពីឆ្នាំ១៩៥៩។

យោងតាមការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនទាហានខ្លួនប្រហែល ១៥.០០០នាក់ទៅជួយរុស្ស៊ីប្រយុទ្ធនឹងអ៊ុយក្រែន ក្នុងនោះទាហានកូរ៉េខាងជើងចំនួន ៤.៧០០នាក់ត្រូវបានសម្លាប់ ឬរងរបួស នេះបើតាមសេចក្តីរាយការណ៍របស់កាសែត Associated Press។

ជាការតបស្នងចំពោះការបញ្ជូនកងទ័ព និងអាវុធឱ្យទៅរុស្ស៉ីនោះ កូរ៉េខាងជើងទំនងជាទទួលបានមកវិញ នូវជំនួយគ្រឿងបរិក្ខាយោធា មានដូចជាប្រព័ន្ធការពារមីស៊ីល ឧបករណ៍សង្គ្រាមអេឡិចត្រូនិក យន្តហោះដ្រូន និងមីស៊ីលប្រឆាំងយន្តហោះចម្បាំង ព្រមទាំងបច្ចេកវិទ្យាបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាដើម នេះបើយោងតាមការវាយតម្លៃផ្នែកស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង៕

ប្រភព ៖ BBC និង AP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner