សម្តេចតេជោ ហ៊ុន សែន រំលឹកពីមូលហេតុ ៤ ដែលនាំឱ្យកម្ពុជា ចូលអាស៊ាន

(ហ្សាការតា)៖ សម្តេចតេជោ ហ៊ុន សែន រំលឹកពីមូលហេតុចំនួន ៤ ដែលនាំឱ្យកម្ពុជា ចូលជាសមាជិកអាស៊ាន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន អាស៊ាន និងពិភពលោក” ក្នុងពិធីគម្រប់ខួប២៦ឆ្នាំដែលកម្ពុជា ចូលជាសមាជិកអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលជាសមាជិកអាស៊ាន គឺជាជម្រើសការទូតជាប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា ជាការសម្រេចចិត្តយុទ្ធសាស្ត្រ និង ប្រវត្តិសាស្ត្រដ៏ត្រឹមត្រូវរបស់កម្ពុជា មិនត្រឹមតែទៅលើ ទិដ្ឋភាពនយោបាយការទូត សេដ្ឋកិច្ច និង វប្បធម៌នោះទេ តែថែមទាំងលើទិដ្ឋភាពអភិបាលរដ្ឋផងដែរ។ដូច្នេះ អាស៊ានពិតជាមានទីតាំងពិសេសនៅក្នុងបេះដូង និង ការចង់ចាំរបស់សម្តេច។

បើតាមសម្តេច ហ៊ុន សែន បានប្រាប់ពីមូលហេតុ ៤ ដែលកម្ពុជា ត្រូវតែចូលជាសមាជិកអាស៊ានឱ្យបាន ហើយកត្តាទាំងនោះ នៅតែមានសារសំខាន់ដដែលទោះបីនៅក្រោយពេលជិត ៣០ឆ្នាំ នៃការសម្រេចចិត្តក៏ដោយ ។

មូលហេតុទាំង៤នោះ មានជាអាទិ៍៖ ទី១៖ គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។ ត្រង់ចំណុចគោលការណ៍មិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកអាស៊ាន, ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វាជាកិច្ចការងារដ៏សំខាន់ខ្លាំងណាស់ ពោលគឺមិនគ្រាន់តែសម្រាប់កម្ពុជានោះទេ ប៉ុន្តែ សម្តេចគិតថាគោលការណ៍នេះ វាជាគោលការណ៍ទូទៅដែលប្រទេសទាំងឡាយខិតខំជៀសវាងទៅលើការជ្រៀតជ្រែកក្នុងកិច្ចការរបស់ប្រទេសជាសមាជិករបស់អាស៊ាន ។

ទី២៖ ស្មារតីសហគមន៍ គឺធ្វើការតាមគោលការណ៍កុងសង់ស៉ីស ។ រឿងនេះសំខាន់ខ្លាំងណាស់ ដើម្បីធានាថាប្រទេសជាសមាជិកទាំងអស់ មានសិទ្ធិស្មើគ្នា គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ គ្មានប្រទេសចាស់ គ្មានប្រទេសថ្មី។ ការធានាឯកភាពក្នុងតំបន់ សាមគ្គីភាព ក្នុងភាពចម្រុះ និងភាពស្អិតរមួតស្ថាប័ន ត្រូវការកាវបិតដែលមានប្រសិទ្ធភាព និងប្រកបដោយបញ្ញាញ្ញាណ នោះគឺគោលការណ៍កុងសង់ស៉ីសនេះឯង ។

ទី៣៖ ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម តាមរយៈការជំរុញសមាហរណកម្ម ។ សម្តេចតេជោ បានពន្យល់ថា ប្រទេសជាសមាជិក និងកម្ពុជា ទទួលបានប្រយោជន៍យ៉ាងច្រើន តាមរយៈការពង្រឹងភាពតភ្ជាប់ទាំងរូបវ័ន្ត និងផ្នែកទន់ ការគិតគូររួមគ្នា ដើម្បីជំរុញដែលមានប្រយោជន៍រួម និងការបំព្រួញគម្លាតនៃការអភិវឌ្ឍ យើងបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលពង្រឹងភាពតភ្ជាប់ ក្នុងតំបន់ ដើម្បីបង្កើនការផ្លាស់ប្តូរទំនិញ និងប្រជាជន។ ការលើកលែងទិដ្ឋការនៃការបម្លាស់ទីរបស់ប្រជាជននៅក្នុងតំបន់ទាំងមូលតែម្តង។ ការកាត់បន្ថយគម្លាតរវាងអាស៊ានចាស់ និងអាស៊ានថ្មី តាមរយៈគំនិតផ្តួចផ្តើមសមាហរណកម្ម អាស៊ានដែលបានចាប់ផ្តើមពីឆ្នាំ២០០០មក ជាពិសេសលើការពង្រឹងសមត្ថភាពស្ថាប័ន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា មីយ៉ាន់ម៉ា និងឡាវ ដែលត្រូវការធ្វើសមហរណកម្ម ដើម្បីកាត់បន្ថយគម្លាតជាមួយប្រទេសសមាជិកមានការអភិវឌ្ឍច្រើនជាង ។

ទី៤៖ ច្រកទ្វារនៃកាលានុវត្តភាពការទូតរបស់កម្ពុជា ។ ម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាស៊ាន មានដៃគូច្រើនដូច្នេះ នៅពេលកម្ពុជា ក្លាយជាសមាជិកអាស៊ាន បានន័យថាកម្ពុជា ក៏ក្លាយទៅជាដៃគូជាមួយបណ្តាប្រទេសទាំងនោះ ដោយស្វ័យប្រវត្តិ។ អាស៊ាន គឺជាច្រកទ្វារនៃកាលានុវត្តភាព ការទូតរបស់កម្ពុជា។ តាមរយៈនេះកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ជាមួយដៃគូខាងក្រៅកាន់តែវិជ្ជមានជឿនលឿន ទាំងលើវិសាលភាព និងជម្រៅនៃកិច្ចសហប្រតិបត្តិការ។ បើទោះបីកម្ពុជាបានទាញប្រយោជន៍ច្រើនពីការចូលជាសមាជិកអាស៊ានយ៉ាងណាក្តី តែកម្ពុជា ក៏បានរួមចំណែកយ៉ាងច្រើននៅក្នុងការធ្វើសេចក្តីសម្រេចនានា នៅក្នុងក្របខណ្ឌតំបន់មួយនេះ ។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក រួមមានថៃ ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឥណ្ឌូនេស៊ី ព្រុយណេ វៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដែលបានចូលជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ក្នុងពេលកិច្ចប្រជុំនៅក្នុងប្រទេសវៀតណាម។

អាស៊ាន ជាអង្គការតំបន់ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់ ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧។ គោលបំណងសំខាន់នៃអង្គការនេះ គឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី ៕

ដោយ ៖ វណ្ណលុក
រូបភាព ៖ ឆាណេលតេលេក្រាមសម្ដេចតេជោ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner