សម្តេចតេជោ ហ៊ុន សែន ៖ ការពង្រឹងសមត្ថភាពរបស់អាស៊ាន ពឹងផ្អែកលើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាមេដឹកនាំសមាជិកអាស៊ាន

(ហ្សាការតា)៖ ការពង្រឹងសមត្ថភាពរបស់អាស៊ាន ពឹងផ្អែកលើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាមេដឹកនាំសមាជិកអាស៊ាន ។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងលើកទឹកចិត្តឱ្យមេដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់ ។

នៅអគ្គលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន អាស៊ាន និងពិភពលោក” ក្នុងពិធីគម្រប់ខួប២៦ឆ្នាំ ដែលកម្ពុជា ចូលជាសមាជិកអាស៊ាន នាយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងពីការពង្រឹងទំនាក់ទំនងជាមួយបណ្ដាមេដឹកនាំនានាក្នុងតំបន់អាស៊ាន ដើម្បីអាចគ្រប់គ្រងស្ថានការណ៍ ការជម្នះរាល់ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងអាស៊ាន និងអាចបង្ការកុំឱ្យមានសង្គ្រាមដោយតួអង្គតំណាងរបស់ប្រទេសមហាអំណាចនៅក្នុងតំបន់អាស៊ានបាន ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពរបស់អាស៊ាន ក៏ពឹងផ្អែកលើការសម្របសម្រួល និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងបណ្ដាមេដឹកនាំសមាជិកអាស៊ានដែរ។ អាស៊ាន មិនអាចក្លាយជាប៉ូលមួយ នៃពិភពលោកបានទេ បើសិនមេដឹកនាំអាស៊ាន មិនមានភាពជិតស្និទ្ធ និងយល់ពីគ្នាទៅវិញទៅមក មិនមានស្មារតីជាសហគមន៍ ជាគ្រួសារអាស៊ាន និងមិនមានទំនាក់ទំនងមិនលើសពីកម្រិតការងារផ្លូវការ ។

លើសពីនេះ សម្ដេចតេជោ បានថ្លែងថា ពេលខ្លះ យើងមានការងារច្រើនពេក យើងយកចិត្តទុកដាក់បារម្ភទៅលើរបៀបវារៈប្រទេសមហាអំណាចខ្លាំងពេក យើងភ្លេចគិតពីប្រទេសជិតខាង ភ្លេចគិតបារម្ភពីសមាជិកគ្រួសារនៅក្នុងតំបន់អាស៊ានរបស់យើង ។ សម្ដេច ពិតជាចង់លើកទឹកចិត្តឱ្យថ្នាក់ដឹកនាំអាស៊ានជំនាន់ថ្មី បង្កើតអនុស្សាវរីយ៍ជាមួយគ្នាឱ្យបានច្រើន ដើម្បីរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងបង្កើតភាពសុខដុមក្នុងតំបន់ ។

សម្ដេចប្រធានព្រឹទ្ធសភា បានលើកឡើងពីទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងសម្ដេចជាមួយមេដឹកនាំក្នុងតំបន់អាស៊ាន ដែលសម្ដេចបានលើកទឹកចិត្តដល់យុវជនជាមេដឹកនាំជំនាន់ថ្មី ចាប់ផ្ដើមផ្សារភ្ជាប់ទំនាក់ទំនងរវាងគ្នានិងគ្នា ចាប់ពីពេលនេះតទៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិក្នុងតំបន់អាស៊ានកាន់តែប្រសើរឡើងទ្វេដង ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា អាស៊ាន មិនមែនត្រឹមតែជាតួអង្គសំខាន់សម្រាប់តំបន់នោះឡើយ ពេលនេះ អាស៊ាន បានក្លាយជាតួអង្គសម្របសម្រួលសកល ហើយទៅថ្ងៃអនាគត អាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទីការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោកថែមទៀត ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ក្នុងកាលៈទេសៈបែបនេះ អាស៊ាន ពិតជាមានតួនាទីសំខាន់របស់ខ្លួន នៅក្នុងការជួយរៀបចំសណ្តាប់ធ្នាប់ពិភពលោក ដែលផ្អែកលើវិធានការច្បាប់ផង និងកាន់តែមានភាពប្រជាធិបតេយ្យ និងយុត្តិធម៌ផង, ទៅថ្ងៃអនាគតអាស៊ាន នឹងអាចផ្លាស់ប្តូរតួនាទីការធ្វើប្រតិកម្មចំពោះពិភពលោក ទៅជាអ្នកដែលមានលទ្ធភាពជួយរៀបចំពិភពលោកទៅវិញ ។

សម្តេច ថា ពេលនេះ ម៉ោងនេះ យន្តការសកលកំពុងថមថយឥទ្ធិពល ទាំងមហាសន្និបាតអង្គការសហប្រជាជាតិ ទាំងតួនាទីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេស តួនាទីនៃអង្គការពាណិជ្ជកម្មពិភពលោក គឺស្ទើតែបាត់បង់ទៅហើយ ដូចនេះ យន្តការតំបន់របស់យើង គឺអាស៊ាន លែងជាតួអង្គនៅក្នុងក្របខណ្ឌដោយឡែកតែតំបន់ ប៉ុន្តែត្រូវចូលរួមក្នុងការរៀបសណ្តាប់ធ្នាប់ឡើងវិញ នៅក្នុងទិសដៅនេះ អាស៊ាន អាចមានអភិក្រម ២យ៉ាង (១) គឺយើងអាចពង្រឹងសមត្ថភាពដោយខ្លួនឯង និង (២) គឺការពង្រឹងអន្តរកម្មរបស់អាស៊ាន ជាមួយស្ថាប័នពហុភាគីដែលមានឥទ្ធិពល ។

សម្តេចតេជោ បានបន្ថែមថា យើងពង្រឹងខ្លួនឯងតាមរយៈការពង្រឹងប្រសិទ្ធភាពស្ថាប័ន និងការជំរុញសមាហរណ៍កម្មកាន់តែស៊ីជម្រៅ, ការរៀបចំចក្ខុវិស័យសមាគមអាស៊ាន ឆ្នាំ២០៤៥ ដែលនឹងត្រូវអនុម័តនូវកិច្ចប្រជុំកំពូលនាខែឧសភានាពេលឆាប់ៗនេះ ដែលជាជំហ៊ានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ ដែលចក្ខុវិស័យសមាគមអាស៊ាន ដែលមានផែនការយុទ្ធសាស្ត្រលើសសរស្តម្ភទាំង៣ នៃការពង្រឹងភាពតភ្ជាប់ ដែលបានមើលឃើញថា អាស៊ានមានការអភិវឌ្ឍជឿនលឿនក្នុងនាមជាមជ្ឈមណ្ឌលនៃកំណើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner