រុស្ស៊ី និង អ៊ុយក្រែនដោះដូរឈ្លើយសឹកជាង ២០០នាក់ទៀត
មូស្គូ ៖ រុស្ស៊ី និង អ៊ុយក្រែនបានប្រកាសរៀងៗខ្លួនពីការដោះដូរក្រុមទាហាន ដែលត្រូវបានចាប់ខ្លួនចំនួន ២០៥នាក់ទៅវិញទៅមក ហើយនេះជាការផ្លាស់ប្តូរឈ្លើយសឹកសង្គ្រាមលើកទី៥ ចាប់តាំងពីដើមឆ្នាំ។
ជាមួយគ្នានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ថ្ងៃនេះ អ៊ុយក្រែនបានទៅយកទាហាន ២០៥នាក់ត្រឡប់មកកាន់មាតុភូមិវិញ។
មេដឹកនាំអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ទៀតថា ក្នុងចំណោមពួកគេ ក៏រួមបញ្ចូលទាំងកងទ័ពការពារទីក្រុង Mariupol ដែលបានបាត់បង់ នៅពេលចាប់ផ្តើមការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២ នៅក្នុងសមរភូមិដ៏ឃោរឃៅបំផុតមួយនៃសង្រ្គាម។
ចំណែកកងទ័ពរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាលទ្ធផលនៃការចរចានោះ ទាហានរុស្ស៊ី ២០៥នាក់ត្រូវបានបញ្ជូនត្រឡប់មកកាន់មាតុភូមិវិញ ជាថ្នូរនឹងការដោះលែងឈ្លើយសឹក ២០៥នាក់ដូចគ្នា។
រដ្ឋាភិបាលរុស្ស៊ីនិយាយថា ការផ្លាស់ប្តូរឈ្លើយសឹកនេះ មានការសម្របសម្រួលពីប្រទេសអារ៉ាប់រួម ហើយបច្ចុប្បន្ន ទាហានរុស្ស៊ីទាំងនោះ កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ដើម្បីពិនិត្យសុខភាពទូទៅ និងបញ្ហាផ្លូវចិត្ត។
ការដោះដូរអ្នកទោសសង្គ្រាមនេះទៀតសោត កើតឡើងនៅពេលដែលកិច្ចចរចាសម្របសម្រួលដោយរដ្ឋបាលលោក ត្រាំ ជាមួយភាគីទាំងពីរ ដើម្បីបញ្ចប់សង្រ្គាម ហាក់ដូចជាបានជាប់គាំង ខណៈដែលអាមេរិកគំរាមដកខ្លួនចេញឈប់ខ្វល់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា



