សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ទីក្រុងឌីលី ប្រទេស​ទីម័រឡេស្តេ

(ឌីលី)៖ បន្ទាប់ពីបានបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារ រយៈ​ពេល​៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែឧសភា ឆ្នាំ២០២៥ នៅសា​ធារណរដ្ឋឥណ្ឌូណេស៊ី ប្រកបដោយជោគជ័យត្រចះត្រចង់រួចមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជានខ្ពស់កម្ពុជា អញ្ជើញចាកចេញពីរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី​នៅ​វេលាម៉ោង១២ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងដំណើឆ្ពោះ ទៅកាន់ទីក្រុងឌីលី ប្រទេសទីម័រឡេស្តេដើម្បីបន្តបំពេញ​ទស្សនកិច្ច​ផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតី នៃសាធារណរដ្ឋប្រជា​ធិបតេយ្យទីម័រឡេស្តេ។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ដដែល នៅវេលាម៉ោង១៧ និ​ង​៣៧​នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង​១៥ ​និង ៣០នាទីម៉ោងនៅព្រះរាជាណាចក្រកម្ពុជា យន្តហោះពិសេសរបស់​ព្រះរាជាណាចក្រកម្ពុជា បានចុះចតប្រកបដោយសុវត្ថិភាព នៅ​អាកាសយានដ្ឋាន អន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី។

អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោប្រធានព្រឹទ្ធសភា នៃព្រះ​រាជា​ណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នាពេលនេះរួមមាន៖ ឯកឧត្តម ចូ ហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋ​ប្រជា​ធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧបនា​យក​រដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួល សេដ្ឋកិច្ចនិងជារដ្ឋមន្ត្រី​ទេសចរណ៍និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការ​បរទេស​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុអ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រីវិមានប្រធានាធិបតី។

សូមបញ្ជាក់ថា នៅតាមដងផ្លូវ ចេញពី អាកាសយានដ្ឋាន មានប្រជា​ពលរដ្ឋ សិស្សានុសិស្យយ៉ាងច្រើនកុះករ ឈអមសងខាងផ្លូវ ទទួល​សា្វគមន៍ និងអបអរសាទរ យ៉ាងកក់ក្តៅបំផុត ចំពោះវត្ថមាន សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសអញ្ជើញ​បំ​ពេញ​​ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យ​ទីម័រ​ឡេស្តេ ក្នុងពេលនេះ ។ ថ្នាក់ដឹកនាំនិងប្រជាពល រដ្ឋទីម័រឡេស្តេ បាន​ចាត់​ទុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា ជាឥស្សរជនសំខាន់បំផុត ដែលបានផ្តល់កិត្តិយសធំបំផុត ដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។

ជាការកត់សំគាល់នោះគឺ ឯកឧត្តម ចូ ហ្សេ រ៉ាមូស អរតា ប្រធានា​ធិប​តី​នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្តល់កិត្តិយស បើក​រថយន្តដោយផ្ទាល់ ជូនដំណើរសម្តេចតេជោតាំង​ពីអាកាស​យានដ្ឋាន​ រហូតដល់សណ្ឋាគារដែលសម្តេចតេជោ​ និង​គណៈ​ប្រតិភូជាន់ខ្ពស់ស្នាក់នៅ។

សូមបញ្ជាក់ជូនថាក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិប​តេយ្យ ទីម័រឡេស្តេ សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងមាន​ជំនួប​ដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធា​នា​ធិបតី ទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូស​ម៉ៅ នាយ​ក​រដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើ​ណាន់​ដាឡៃ ប្រធាន​រដ្ឋសភាទីម័រឡេស្តេ។

ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្តេចតេជោ នឹងអញ្ជើញថ្លែង​សុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី -មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពី​សមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គម​ស៊ីវិលទីម័រឡេស្តេ។

គួរកត់សំគាល់ថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្ដេ ចូល​ជា​សមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រ​ឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់​បំផុត​និង​ក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូន សម្តេចតេជោ ប្រធានព្រឹទ្ធសភា ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner