សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ​ប្រធាន​រដ្ឋសភា​ឥណ្ឌូណេស៊ី

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជា​មួយ​លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋ​ស​ភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី បានស្វាគមន៍យ៉ាងកក់​ក្ដៅ​ចំពោះសម្ដេចតេជោ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅ​ឥណ្ឌូណេស៊ីនាពេលនេះ។ លោកជំទាវ បានចាត់ទុកដំណើរ​ទស្សនកិច្ច​របស់សម្ដេចតេជោនៅប្រទេសឥណ្ឌូណេស៊ី នៅពេលនេះ​បានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជា កាន់តែរឹងមាំថែមទៀត។

លោកជំទាវក៏បានរម្លឹកពីឱកាសដែលបានជួបសម្ដេចតេជោកាលនៅកាន់តំណែងជានា យករដ្ឋមន្ត្រី និងកាន់តែរីករាយដែលបានជួប​សម្ដេចតេជោនៅពេលនេះ ដែលសម្ដេចកាន់តំណែងជាប្រធាន​ព្រឹទ្ធសភាកម្ពុជា។

នៅក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះ​លោកជំទាវ​ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ដែលបានទទួល​ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា ។ សម្ដេចតេជោបានបង្ហាញក្ដីរីករាយដោយបានជួបលើកជំទាវជាថ្មី ដែលជំនួបលើកនេះ គឺជាជំនួបលើកទី៣ ហើយរវាងសម្ដេច និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។

សម្ដេចតេជោក៏បានបង្ហាញនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែល​បានបន្តរហូតមកទល់នឹងពេលនេះ។ សម្ដេចតេជោក៏បាន​ថ្លែងអំណរ​គុណចំពោះឥណ្ឌូណេស៊ី ដែលបានប្រឹងប្រែងសម្របសម្រួលនៅ​ក្នុង​ដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ច​ព្រមព្រៀងទីក្រុងប៉ារីស។

សម្ដេចតេជោបានរម្លឹកពីការរៀបចំប្រារព្ធខួប ៦៥ ឆ្នាំ នៃទំនាក់ទំនង​ការ​ទូត​កម្ពុជា-ឥណ្ឌូណេស៊ីកាលពីឆ្នាំ២០២៤ គឺឆ្នាំមុន ដោយនៅឆ្នាំ​មុន​ក្នុងខួប ៦៥ ឆ្នាំនេះកម្ពុជាបានត្រៀមរៀបចំមហាវិថីចំនួន ២ ដើម្បី​​ដាក់សម្ពោធ, នោះគឺមហាវិថី ស៊ូ ការណូ ជាមហាវិថីដាក់ឈ្មោះ​អតីត​ប្រធានាធិបតីឥណ្ឌូណេស៊ី និងម ហាវិថី អាលី អាឡាតាស់ ជា​មហាវិថីដាក់ឈ្មោះអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ប៉ុន្តែកម្ម​វិធីស ម្ពោធមហាវិថីទាំងពីរត្រូវខកខានទៅវិញ។

សម្ដេចតេជោក៏បានអញ្ជើញលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមកាលវេលាសមស្របណាមួយ​នៅ​ពេលឆាប់ៗខាងមុខ និងដើម្បីមានឱកាសសម្ពោធមហាវិថីទាំងពីរ​នោះផង។

លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយទទួលយក​សំណើ​របស់សម្ដេចតេជោ និងរីករាយចំ ពោះកម្ពុជាដែលបាន​ដាក់ឈ្មោះ ឯកឧត្ដម ស៊ូ ការណូ ដែលជាជីតារបស់លោកជំទាវនៅមហាវិថីនៅ កម្ពុជា។ លោកជំទាវបានសន្យាថា នឹងអញ្ជើញបំពេញទស្សនកិច្ច​នៅកម្ពុជា​​នាពេលឆាប់ៗខាងមុខ ដោយនឹងនាំម្ដាយលោកជំទាវ​មកទស្សនកិច្ចនៅកម្ពុជាផងដែរ។ លោកជំទាវរីករាយនឹងអញ្ជើញស ម្ពោធមហាវិថីទាំងនោះនៅអំឡុងទស្សនកិច្ចនៅកម្ពុជា។

សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចរីករាយ និងរង់ចាំស្វាគមន៍​លោក​ជំទាវអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

អំឡុងជំនួបពិភាក្សានេះដែរ សម្ដេចតេជោ និងលោកជំទាវប្រធានរដ្ឋ​សភា​​ឥណ្ឌូណេស៊ី ក៏បានពិភាក្សាពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃ​ប្រទេសទាំងពីរ ដោយសម្ដេចតេជោស្នើឱ្យជំរុញទំហំ​ពាណិជ្ជ​កម្ម​នៃប្រ ទេសទាំងពីរឱ្យមានចំនួនកើនឡើងថែមទៀត ដោយសារ​បច្ចុប្បន្ន​ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមា នប្រមាណមួយពាន់​លានដុល្លារប៉ុណ្ណោះ។ សម្ដេចតេជោក៏បានស្នើឱ្យបង្កើនជើងហោះ​ហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញកំណើនទេសចរ ព្រមទាំង​ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។

សម្ដេចតេជោបានអរគុណជាថ្មីចំពោះឥណ្ឌូណេស៊ីដែលបានទទួលស្វាគមន៍សម្ដេច និងប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្ដៅបំផុត។ សម្ដេចតេជោសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពាណិជ្ជ​កម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើន​ថែម​ទៀតនៅក្រោយដំណើរទស្សនកិច្ចរបស់សម្ដេច៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner