បារាំងថា ត្រឹមរុស្ស៊ីចង់ជួបអ៊ុយក្រែន មិនទាន់គ្រប់គ្រាន់

បរទេស ៖ មេដឹកនាំបារាំង លោក Macron បានអះអាងថា លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានស្នើកិច្ចចរចាផ្ទាល់ ជាមួយអ៊ុយក្រែន គឺជា «ជំហានដំបូង» ប៉ុន្តែ មិនគ្រប់គ្រាន់ នោះទេ។

លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយ នៅថ្ងៃអាទិត្យនេះថា សំណើរបស់ប្រធានាធិបតី Vladimir Putin សម្រាប់ការចរចា ដោយផ្ទាល់ រវាងរុស្ស៊ី និងអ៊ុយក្រែន ត្រូវបានធ្វើឡើង ដើម្បីគ្រាន់តែជាការឆ្លើយតប ទៅនឹងបទឈប់បាញ់ រយៈពេល៣០ថ្ងៃ ដែលទាមទារ ដោយទីក្រុង Kyiv និងសម្ព័ន្ធមិត្ត អឺរ៉ុប។

លោក Macron បានប្រាប់ក្រុមអ្នកយកព័ត៌មានទៀតថា «បទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ ត្រូវតែកើតមាន មុនការចរចាទេ»។ លោក Macron បន្ថែមថា លោក Putin កំពុងស្វែងរកផ្លូវចេញ ប៉ុន្តែ «គាត់នៅតែចង់ទិញពេលវេលា»។ លោក Macron បានប្រាប់អ្នកយកព័ត៌មាន បែបនេះ ក្រោយពេលបញ្ចប់ដំណើរការងារ នៅប្រទេសអ៊ុយក្រែន ជាមួយបណ្តាមេដឹកនាំប្រទេសអឺរ៉ុប ផ្សេងទៀត។

លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានស្នើឱ្យមានការចរចាទល់មុខគ្នា ជាលើកដំបូង រវាងភាគីទាំងពីរ នៅថ្ងៃទី១៥ ខែឧសភា សប្តាហ៍ក្រោយ នៅក្នុងប្រទេសតួកគី។

គួររម្លឹកថា មេដឹកនាំអ៊ុយក្រែន អង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ អំឡុងជួបគ្នា នៅក្រុង Kyiv កាលពីថ្ងៃសៅរ៍ បានគំរាមដល់ទីក្រុងមូស្គូ ជាមួយនឹងការដាក់ចេញទណ្ឌកម្មថ្មី និងការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន ប្រសិនបើរុស្ស៊ី មិនយល់ព្រមនឹងសំណើ បទឈប់បាញ់ ៣០ថ្ងៃ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner