បិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គថ្មីឆ្នាំសិក្សា២០២៥-​២០២៦

សៀមរាប៖ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបុរីរដ្ឋបាល​សៀមរាបបានប្រារព្វពិធីបិទវគ្គបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា​២០២៤-២០២៥ និងបើកវគ្គ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដូនតាក្រោមអធិបតីភាព លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌​និងវិចិត្រ​សិល្បៈ និងមានការចូល​រួមពីលោកគ្រូ អ្នកគ្រូ និងសិក្ខាកាម មកពីបណ្តា​ខេត្តទាំង​៣​មាន ខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្ដាល។

ក្នុងឱកាសនេះលោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួម​អបអរ​សាទរចំពោះសិក្ខាកាម​នៃវគ្គបណ្តុះ​បណ្តាល​ឆ្នាំ២០២៤-២០២៥ ដែលបានខិតខំប្រឹងប្រែង និងទទួលបានជោគជ័យ និង​ស្វាគមន៍ចំពោះសិក្ខាកាម​នៃ​វគ្គបណ្តុះបណ្តាលថ្មីឆ្នាំ២០២៥នេះ ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា យោងទៅលើអាទិភាព និងភាពចាំបាច់ នៃកិច្ចការអភិរក្ស​ជំនាញគ្រប់ប្រភេទ បន្សល់ទុកដោយដូនតាយើង និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីជាតិ​ជំនួយ​ផ្នែកសង្គម» បានគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអាណត្តិទី៦ នៃរដ្ឋសភា បានគាំទ្រដ៏​ខ្ពង់ខ្ពស់ឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំវគ្គបណ្តុះបណ្តាលដល់យុវជន​មកពីគ្រួសារក្រីក្រ និងងាយរង​ហានិភ័យ ចំនួនចន្លោះពី៣ទៅ៦ម៉ឺននាក់ សម្រាប់រយៈពេល៤ឆ្នាំ ។បន្តមក សម្តេចមហាបវរធិបតី នាយក​រដ្ឋមន្ត្រីកម្ពុជា បានបន្តអនុវត្តគោលនយោបាយនេះ ដោយបានដាក់ចេញនូវផែនការសកម្មភាព​អាទិភាពទាំង៦ ក្នុងនោះ ការងារបណ្តុះ​បណ្តាលជំនាញវិជ្ជាជីវៈដូនតា ក៏ត្រូវបាន​ផ្តល់អាទិភាព រីឯគ្រប់សិក្ខាកាមទាំងអស់ ក៏ត្រូវបានផ្តល់នូវប្រាក់ឧបត្ថម្ភ​ជារៀង​រាល់ខែ សម្រាប់រយៈពេលបណ្តុះបណ្តាលទាំងមូល។

លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបន្តថា ការដាក់ឱ្យអនុវត្ត​នូវកម្មវិធីជាតិជំនួយផ្នែកសង្គម គឺជាឆន្ទៈ​នយោបាយដ៏មុតស្រួចរបស់រាជ​រដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន និងការធានានូវនិរន្តរភាពផ្នែ​ក​ចំណូល តាមរយៈការពង្រឹងអាជីព មុខរបរ របស់ប្រជាជនទាំងអស់ កម្មវិធី​បណ្តុះ​បណ្តាលជំនាញដូនតា គឺជាការធ្វើឲ្យរស់រវើក​ឡើងវិញនៃព្រលឹងជាតិ​ដែលជាមរតកនៃបុព្វបុរសខ្មែរ បំផុសនូវអត្តសញ្ញាណជាតិ ហើយបង្ហាញផ្លូវ​ទៅមុខសម្រាប់​យុវជនជំនាន់ក្រោយ។

លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរំឭកដល់សិក្ខាកាម​គ្រប់រូបថា ការទទួលបានជំនាញ​គឺជាឱកាស​ដ៏ល្អមួយក្នុងជីវិត ដើម្បីចាប់ផ្តើម​អាជីព​​និងមុខរបរ ។សិក្ខាកាមទាំងអស់ គប្បីបន្តប្រឹងប្រែងទាញប្រយោជន៍​ពីជំនាញនេះ ហើយគួរតែពិចារណាបន្តកសាងជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីជាជម្រើសសម្រាប់ខ្លួនផង និងតម្រូវទៅតាមស្ថានភាព​តម្រូវការទីផ្សារផង ។ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញនៃវគ្គបណ្តុះបណ្តាល ត្រូវបន្តរក្សាទំនាក់​ទំនងជាប់ជាប្រចាំជាមួយ​សិក្ខាកាម​ដែលបានបណ្តុះបណ្តាលទាំងអស់ដើម្បីបន្ត ជួយគាំទ្រទៅដល់សកម្មភាពកសាងមុខរបរអាជីវកម្ម តាមទម្រង់​ផ្សេងៗ ដែលអាចជាការចងក្រងជាក្រុម ជាបណ្តាញ ការកសាងម៉ាកសញ្ញា និងការជួយស្វែងរកទីផ្សារជាដើម៕

ដោយ៖ប៊ុន រដ្ឋា

ads banner