រដ្ឋមន្ត្រីក្រសួងវប្បធម៌ ៖ ការបណ្តុះបណ្តាលជំនាញដូនតា គឺជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលធានាការពារនូវចំណេះដឹងជាអមតៈរបស់ដូនតា
(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញដូនតា មិនមែនជារឿងដែលធ្វើដើម្បីលម្អ ឬគ្រាន់តែបង្ហាញប៉ុណ្ណោះទេ តែគឺជាយុទ្ធសាស្ត្រដ៏ស្រួចស្រាវរបស់រាជរដ្ឋាភិបាល ដែលធានាការពារនូវចំណេះដឹងជាអមតៈរបស់ដូនតា ។ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងដូច្នេះក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ឆ្នាំសិក្សា២០២៤-២០២៥ និងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកគ្រូ អ្នកគ្រូ និងសិក្ខាកាម មកពីបណ្តាខេត្តចំនួនបី ក្នុងនោះមានខេត្តសៀមរាប ខេត្តកំពង់ចាម និងខេត្តកណ្តាល នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងបុរីរដ្ឋបាលសៀមរាប ។

លោកជំទាវរដ្ឋមន្រ្តី បានអបអរសាទរចំពោះសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤-២០២៥ ដែលបានខិតខំប្រឹងប្រែង និងទទួលបានជោគជ័យ និងសូមស្វាគមន៍សិក្ខាកាម នៃវគ្គបណ្តុះបណ្តាលថ្មី ឆ្នាំ២០២៥ និងសូមលើកទឹកចិត្តសិក្ខាកាមទាំងអស់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវអាជីព មុខរបរ និងការចាប់ផ្តើមកសាងស្វ័យភាពចំណូល ដើម្បីអនាគតខ្លួនឯង និងក្រុមគ្រួសារ ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍ថា យោងទៅលើអាទិភាព និងភាពចាំបាច់ នៃកិច្ចការអភិរក្សជំនាញគ្រប់ប្រភេទ បន្សល់ទុកដោយដូនតាយើង និងស្របពេលដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវ «កម្មវិធីជាតិជំនួយផ្នែកសង្គម» រាជរដ្ឋាភិបាក បានគាំទ្រឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំវគ្គបណ្តុះបណ្តាលដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ សម្រាប់រយៈពេល៤ឆ្នាំ រីឯគ្រប់សិក្ខាកាមទាំងអស់ ក៏ត្រូវបានផ្តល់នូវប្រាក់ឧបត្ថម្ភជារៀងរាល់ខែ សម្រាប់រយៈពេលបណ្តុះបណ្តាលទាំងមូល ។

លោកជំទាវរដ្ឋមន្រ្តី បានបន្តថា ការដាក់ឱ្យអនុវត្តនូវកម្មវិធីជាតិជំនួយផ្នែកសង្គម គឺជាឆន្ទៈនយោបាយដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជន និងការធានានូវនិរន្តរភាពផ្នែកចំណូល តាមរយៈការពង្រឹងអាជីព មុខរបរ របស់ប្រជាជនទាំងអស់ កម្មវិធីបណ្តុះបណ្តាលជំនាញដូនតា គឺជាការធ្វើឲ្យរស់រវើកឡើងវិញនៃព្រលឹងជាតិដែលជាមរតកនៃបុព្វបុរសខ្មែរ បំផុសនូវអត្តសញ្ញាណជាតិ ហើយបង្ហាញផ្លូវទៅមុខសម្រាប់យុវជនជំនាន់ក្រោយ។

លោកជំទាវ ភឿង សកុណា ក៏បានរំឭកដល់សិក្ខាកាមគ្រប់រូបថា ការទទួលបានជំនាញ គឺជាឱកាសដ៏ល្អមួយក្នុងជីវិត ដើម្បីចាប់ផ្តើមអាជីពនិងមុខរបរ ។ សិក្ខាកាមទាំងអស់ គប្បីបន្តប្រឹងប្រែងទាញប្រយោជន៍ពីជំនាញនេះ ហើយគួរតែពិចារណា បន្តកសាងជំនាញពាក់ព័ន្ធផ្សេងទៀត ដើម្បីជាជំរើសសម្រាប់ខ្លួនឯងផង និងតម្រូវទៅតាមស្ថានភាពទីផ្សារផង ។ ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញ នៃវគ្គបណ្តុះបណ្តាល ត្រូវបន្តរក្សាទំនាក់ទំនងជាប់ជាប្រចាំជាមួយសិក្ខាកាមដែលបានបណ្តុះបណ្តាលទាំងអស់ ដើម្បីបន្តជួយគាំទ្រទៅដល់សកម្មភាពកសាងមុខរបរអាជីវកម្មតាមទម្រង់ផ្សេងៗ ដែលអាចជាការចងក្រងជាក្រុម ជាបណ្តាញ ការកសាងម៉ាកសញ្ញា និងការជួយស្វែងរកទីផ្សារជាដើម ។
លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានផ្តល់វិញ្ញាបនបត្រជូនដល់លោកគ្រូ អ្នកគ្រូ ៥នាក់ និងសិក្ខាមមកពីសាលារៀនវិចិត្រសិល្បៈ ៦០នាក់ ដើម្បីទុកជាប្រយោជន៍សម្រាប់ប្រើប្រាស់ក្នុងពេលអនាគត ៕
ដោយ ៖ វណ្ណលុក
