UN ចោទរុស្ស៊ីបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី សម្លាប់មនុស្សជិត ៣០០ នាក់កាល ១១ ឆ្នាំមុន
អ.ស.ប ៖ ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ បានចេញសេចក្ដីសម្រេចថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីមួយគ្រឿងនៅលើទឹកដីអ៊ុយក្រែន ដែលបានសម្លាប់អ្នកដំណើរ និងបុគ្គលិកសរុប ២៩៨នាក់ ក្នុងនោះជនជាតិហូឡង់ ១៩៦នាក់ និង អូស្ត្រាលី ៣៨នាក់។

រដ្ឋាភិបាលហូឡង់ និង អូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនថា ប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នឹងពិចារណាថា តើទម្រង់នៃសំណងបែបណាដែលស្ថិតក្នុងសេចក្ដីសម្រេចនោះ។

រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp និយាយថា សេចក្ដីសម្រេចនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពិត និង យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់ នៃជើងហោះហើរ MH17 ព្រមទាំងក្រុមគ្រួសារពួកគេ។

រីឯរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសូមអំពាវនាវឱ្យរុស្ស៊ីប្រឈមមុខនឹងការទទួលខុសត្រូវ ចំពោះអំពើហិង្សាដ៏អាក្រក់របស់ខ្លួននេះ ហើយផ្តល់សំណងតាមការទាមទារនៅក្រោមច្បាប់អន្តរជាតិ។

នៅខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមហូឡង់បានកាត់ទោសបុរសរុស្ស៊ីពីរនាក់ និងបុរសអ៊ុយក្រែនម្នាក់ដោយកំបាំងមុខ ពីបទមនុស្សឃាត ជុំវិញតួនាទីរបស់ពួកគេក្នុងការវាយប្រហារនោះ។ យ៉ាងណា រុស្ស៊ីបានហៅសេចក្តីសម្រេចនេះថា ជារឿងដ៏អាម៉ាស ហើយថា ខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ។
សូមរម្លឹកថា ជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី បានចាកចេញពីទីក្រុងAmsterdam ប្រទេសហូឡង់ ទៅកាន់ទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានបាញ់ទម្លាក់នៅភាគខាងកើតអ៊ុយក្រែន ស្របពេលមានការប្រយុទ្ធគ្នារវាងក្រុមផ្តាច់ខ្លួនគាំទ្ររុស្ស៊ី និងកងកម្លាំងអ៊ុយក្រែន៕
ប្រភព ៖ រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា
