ចិនព្រមទិញយន្តហោះអាមេរិក Boeing ឡើងវិញ ក្រោយចរចាររឿងពន្ធ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ចិន បានសម្រេចបញ្ជាទិញយន្តហោះ Boeing ឡើងវិញ ក្រោយពេលរដ្ឋាភិបាលទីក្រុងប៉េកាំង និង រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងគ្នាថា នឹងទម្លាក់អត្រាតំឡើងពន្ធ ទៅវិញទៅមក ត្រឹម១១៥% ដូចគ្នា ក្នុងរយៈពេល៩០ថ្ងៃ ដើម្បីចរចា បន្ថែមទៀត នេះបើយោងតាមការ ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃអង្គារនេះ។

ការបញ្ជាទិញ ឡើងវិញនេះ បានកើតឡើង ក្រោយពេលដែលភាគីចិន ទើបបានបញ្ជាឲ្យបញ្ជូនយន្តហោះ Boeing 737 Max តម្លៃរាប់លានដុល្លារអាមេរិក ជាបន្តបន្ទាប់ ត្រលប់ទៅសហរដ្ឋអាមេរិក វិញ ដោយសារតែសង្គ្រាមពន្ធ រវាងមហាអំណាចទាំងពីរ។ ក្រុមហ៊ុន ធ្លាប់បញ្ជាក់ថា សុខចិត្តពន្យាពេលទិញ ប្រសើរជាងប្រឈមនឹងតម្លៃកប់ពពក ដោយសារការតំឡើងសាច់ដុំដាក់គ្នា រវាងភាគីប្រទេសទាំងពីរ។

ប្រភពព័ត៌មាន បានរាយការណ៍ថា មន្ត្រីចិន បានចាប់ផ្តើមប្រាប់ក្រុមហ៊ុនដឹកជញ្ជូន ក្នុងស្រុកថា ពួកគេអាចបន្តការបញ្ជាទិញយន្តហោះ ដែលផលិត នៅសហរដ្ឋអាមេរិក ឡើងវិញ
។ ប៉ុន្តែ ទាំងក្រសួងការបរទេសចិន និង ក្រុមហ៊ុន Boeing មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយ នៅឡើយទេ។

លោក Kelly Ortberg នាយកប្រតិបត្តិក្រុមហ៊ុន Boeing ធ្លាប់បាននិយាយ កាលពីខែមុនថា ក្រុមហ៊ុនគ្រោងនឹងបញ្ជូនយន្តហោះ ប្រហែល៥០គ្រឿងទៅកាន់ ប្រទេសចិន ក្នុងឆ្នាំ២០២៥។

ជាការកត់សម្គាល់ ក្រោយពេលដែលភាគីទាំងពីរ បានទម្លាក់ពន្ធទៅវិញទៅមក ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកឡើងថា លោកអាចនឹងពិភាក្សា ជាមួយប្រធានាធិបតីចិន លោក Xi Jinping បន្ថែមទៀត ក្នុងពេលឆាប់ៗនេះ៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner