អ៊ីស្រាអែលបន្តវាយសង្គ្រុបលើហ្គាហ្សា ទោះបីដោះលែងចំណាប់ខ្មាំងអាមេរិក
បរទេស ៖ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា កងទ័ពអ៊ីស្រាអែលនឹងនៅតែបន្តវាយសង្គ្រុប លើតំបន់ហ្គាហ្សា បើទោះបីជាចំណាប់ខ្មាំង ជាជនជាតិអាមេរិក ទើបត្រូវបានពួក ហាម៉ាស់ ដោះលែង ឲ្យមានសេរីភាព រួចហើយ ក៏ដោយ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃចន្ទ។
ការលើកឡើងនេះ បានធ្វើឡើង នៅមុនមួយថ្ងៃ ដែលចំណាប់ខ្មាំង ជាជនជាតិអាមេរិកកាត់អ៊ីស្រាអែល ឈ្មោះ Edan Alexander ត្រូវបានដោះលែង ឲ្យមានសេរីភាព និងបញ្ជូន ទៅជួបជុំក្រុមគ្រួសារ វិញ។
ប្រភព ដែលដឹងអំពីរឿងនេះ បានអះអាងថា លោក Netanyahu យល់ព្រមត្រឹមតែអនុញ្ញាត ឱ្យមានការឆ្លងកាត់ ដោយសុវត្ថិភាព សម្រាប់នាំលោក Alexander ចេញពីហ្គាហ្សា តែប៉ុណ្ណោះ ហើយបន្ទាប់ពីដោះលែងរួច កងកម្លាំងរបស់ខ្លួននឹងបន្តពង្រឹងប្រតិបត្តិការ វាយលុក នៅហ្គាហ្សា ដើម្បីដាក់សម្ពាធ ឲ្យក្រុមហាម៉ាស ដោះលែង ចំណាប់ខ្មាំង ឲ្យទាល់តែអស់។
ការដោះលែង លោក Edan Alexander ត្រូវបានធ្វើឡើង បន្ទាប់ពីមានកិច្ចចរចា រវាងក្រុមហាម៉ាស់ និង សហរដ្ឋអាមេរិក ព្រមទាំង ប្រទេស អេហ្ស៊ីប និង កាតា ដែលគេជឿថា នឹងបើកផ្លូវឱ្យមានការដោះលែងចំណាប់ខ្មាំង នៅសេសសល់ ក្នុងតំបន់ហ្គាហ្សា។ បេសកជនពិសេស របស់លោកប្រធានាធិបតីអាមេរិក គឺ លោក Steve Witkoff បានអះអាងថា នៅចំណាប់ខ្មាំង ២១នាក់ ផ្សេងទៀត ដែលត្រូវបានគេជឿថា នៅមានជីវិតរស់។
តំបន់ ហ្គាហ្សា ភាគច្រើនស្ថិតនៅក្នុងការបំផ្លិចបំផ្លាញ ក្នុងរយៈពេលប្រហែល១៩ខែ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានលុកលុយ ទុកជាការសងសឹក ចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ សម្លាប់មនុស្សជាង១ពាន់នាក់ ហើយមនុស្សជាង ២៥០នាក់នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីនជាង៥២,០០០នាក់ នាក់ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ក្រោមស្នាដៃរបស់អ៊ីស្រាអែល ហើយចំនួនប្រជាជនសើ្ទរតែទាំងមូល ត្រូវបានបង្ខំឱ្យផ្លាស់ទីលំនៅដ្ឋាន ជាច្រើនដង ខណៈដែលការប្រយុទ្ធ និងការទម្លាក់គ្រាប់បែក បានបន្តមាន រហូតមកដល់ពេលបច្ចុប្បន្ន៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត
