Trump ប្រកាសដកទណ្ឌកម្មលើប្រទេសស៊ីរី

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដកទណ្ឌកម្ម លើប្រទេសស៊ីរី ជាចំណាត់ការស្របតាមការចង់បាន របស់មេដឹកនាំថ្មី លោក Ahmed al-Sharaa ដែលលោក Trump គ្រោងនឹងជួប។

លោក Trump បាននិយាយ អំឡុងសុន្ទរកថា នៅប្រទេស អារ៉ាប៊ី សាអូឌីត កាលពីថ្ងៃអង្គារថា «ខ្ញុំនឹងបញ្ជាឱ្យបញ្ឈប់ ការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសស៊ីរី ដើម្បីផ្តល់ឱកាសឱ្យពួកគេ កាន់តែអស្ចារ្យ»។ លោកថា «នៅក្នុងប្រទេសស៊ីរី ដែលបានឃើញទុក្ខវេទនា និងការស្លាប់ជាច្រើន…យើងសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងទទួលបានជោគជ័យ ក្នុងការរក្សាស្ថិរភាពប្រទេស និងរក្សាសន្តិភាព..ដូច្នេះ សំណាងល្អ ស៊ីរី»។

ប្រទេសស៊ីរី បានស្វាគមន៍ ការសម្រេចចិត្តនេះ ដោយហៅថាជា «ចំណុចរបត់សំខាន់»។ ក្រសួងការបរទេសស៊ីរី បានចេញសេចក្តីថ្លែងការណ៍ថា «ការដកចេញនូវទណ្ឌកម្មទាំងនោះ ផ្តល់ឱកាសដ៏សំខាន់មួយ សម្រាប់ប្រទេសស៊ីរី ក្នុងការស្វែងរកស្ថិរភាព និងការកសាងជាតិ ប្រកបដោយអត្ថន័យ»។

កន្លងមក ទណ្ឌកម្មរបស់អាមេរិក ផ្តោតលើបុគ្គល ឬ ក្រុមហ៊ុនបរទេសណា ដែលផ្តល់ជំនួយជាសម្ភារៈ ដល់អតីតរដ្ឋាភិបាលស៊ីរី និង ហាមឃាត់ការជួញដូរ ក្នុងសហរដ្ឋអាមេរិក ទាក់ទងនឹងអង្គភាព នៅស៊ីរី រួមទាំង ប្រេង និងឧស្ម័ន ហើយធនាគារស៊ីរី ត្រូវបានកាត់ផ្តាច់ចេញ ពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ជាដើម។

លោក Trump ត្រូវបានគេរំពឹងថា នឹងជួបជាមួយនឹងមេដឹកនាំថ្មីស៊ីរី ក្នុងប្រទេសអារ៉ាប៊ី សាអូឌីត រយៈពេលខ្លី នៅថ្ងៃពុធនេះ។ កន្លងមក សហរដ្ឋអាមេរិកធ្លាប់ បាននិយាយថា រដ្ឋបាលស៊ីរី ថ្មី ចាំបាច់ត្រូវចាត់វិធានការបន្ថែមទៀត លើការការពារជនជាតិភាគតិច ដើម្បីឲ្យទីក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្ម។

យ៉ាងណាមិញ មានការវាយប្រហារយ៉ាងសាហាវ ទៅលើក្រុមជនជាតិភាគតិច Alawite និង Druze នៅក្នុងប្រទេសស៊ីរី ថ្មីៗនេះ ពោលគឺចាប់តាំងពីការដួលរលំ របស់លោក Assad អតីតប្រធាធិបតី កាលពីប្រមាណ ៤ខែមុន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner