អតីតប្រធានាធិបតីក្របំផុតក្នុងលោកទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ
ម៉ុងតេវីដេអូ ៖ អតីតមេដឹកនាំអ៊ុយរូហ្កាយ លោក Jose Mujica ដែលមានរហស្សនាមថា ប្រធានាធិបតីក្របំផុតក្នុងលោក បានទទួលមរណភាពក្នុងវ័យ ៨៩ឆ្នាំ ហើយមូលហេតុនៃការស្លាប់របស់អ្នកនយោបាយចាស់វស្សារូបនេះ មិនត្រូវបានគេដឹងទេ ប៉ុន្តែកន្លងមក គាត់មានជំងឺមហារីកបំពង់ក នេះបើតាមសេចក្តីរាយការណ៍របស់ BBC។

ប្រធានាធិបតីអ៊ុយរូហ្គាយបច្ចុប្បន្ន លោក Yamandu Orsi បានប្រកាសអំពីមរណភាពរបស់លោក Mujica នៅលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា អតីតប្រធានាធិបតីរូបនេះ បានធ្វើរោគវិនិច្ឆ័យមានជំងឺមហារីកបំពង់ក ចាប់តាំងពីឆ្នាំ ២០២៤មកម៉្លេះ។ ជាមួយគ្នានេះ មេដឹកនាំពិភពលោកបានបង្ហោះសារលើបណ្តាញសង្គមព្រោងព្រាត ដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះការបាត់បង់ដ៏ធំធេងមួយនេះ។

លោក Jose Mujica គឺជាអតីតយុទ្ធជនទ័ពព្រៃ ដែលពេលនោះគេហៅលោកថា «Pepe» បានក្លាយជាប្រធានាធិបតីអ៊ុយរូហ្គាយពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៥។ លោក Mujica បានក្លាយជាឥស្សរជននយោបាយដ៏ល្បីនៅអាមេរិកឡាទីន និងលើសពីនេះ ដោយសារតែលោកបានចំណាយលុយភាគច្រើនលើការងារសប្បុរសធម៌ ហើយរស់នៅយ៉ាងសាមញ្ញក្នុងផ្ទះបាក់បែកមួយកន្លែងជាមួយភរិយា។
លោក Mujica បានគេចមិនរស់នៅក្នុងលំនៅដ្ឋានប្រណិតក្នុងតំណែងប្រធានាធិបតីអ៊ុយរូហ្កាយ ហើយរស់នៅក្នុងកសិដ្ឋានផ្កា នៅជាយក្រុងនៃរដ្ឋធានី Montevideo។ ជារឿយៗ គាត់តែងតែបើកឡានចាស់ៗ យីហោ Volkswagen Beetle ពណ៌ខៀវរាល់ពេលធ្វើដំណើរ។ របៀបរស់នៅសាមញ្ញារបស់គាត់នេះហើយ បាននាំឲ្យមនុស្សជាច្រើនដាក់ឈ្មោះលោកថា ជា «ប្រធានាធិបតីក្របំផុតក្នុងលោក» ។
បន្ទាប់ពីគាត់បានជាប់ឆ្នោតជាប្រធានាធិបតីនៅអាយុ ៧៤ឆ្នាំ លោក Mujica បានប្រកាន់ជំហររីកចម្រើនលើសេរីភាពស៊ីវិល និងបញ្ហាសង្គម រួមទាំងការរំលូតកូន និងអាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នា ហើយគាត់ថែមទាំងបានជំរុញឲ្យមានការធ្វើឲ្យស្របច្បាប់នៃកញ្ឆាផងដែរ។
លោកក៏បានសង្កត់ធ្ងន់លើការអភិវឌ្ឍន៍ការអនុវត្តថាមពលបៃតង ដោយដាក់ប្រទេសអ៊ុយរូហ្គាយ នៅជួរមុខក្នុងការដោះស្រាយវិបត្តិអាកាសធាតុ។ បើទោះបីជាលោក Mujica បានចាកចេញពីតំណែងប្រធានាធិបតីក៏ដោយ លោកនៅតែជាសាមញ្ញជនដ៏លេចធ្លោមួយរូបក្នុងដួងចិត្តប្រជាជនអ៊ុយរូហ្កាយសរុប ៣.៤លាននាក់៕
ប្រភព ៖ BBC ប្រែសម្រួល ៖ ឈឹម ទីណា
