ព្រឹកនេះ ព្រះមហាក្សត្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នៅខេត្តកំពង់ឆ្នាំង នាព្រឹកស្អែក
(កំពង់ឆ្នាំង)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល នាទីព្រះស្រែ ក្នុងបរិវេណកីឡដ្ឋានខេត្ត ស្ថិតនៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ។
ជារៀងរាលឆ្នាំ ព្រះរាជពិធីនេះ នឹងមានការអញ្ជើញចូលរួមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ជាឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ព្រមទាំងមន្ត្រីអង្គទូត អគ្គរាជទូតនៃបណ្តាប្រទេសជាមិត្ត មន្ត្រីជុំវិញរដ្ឋបាលខេត្តកំពង់ឆ្នាំង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋជាច្រើនរូបទៀត ។
សូមជម្រាបថា រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសែន ក្រុងពលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពុទ្ធិជ័យមង្គល សិរីសួរស្តី នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ទៅតាមទំនៀមទម្លាប់ នៅទីព្រះស្រែ ស្ថិតសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង កាលពីរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាស្តេចមាឃ និងលោកជំទាវ ផាត សុផានី ស៊ុន សុវណ្ណារិទ្ធិ ជាមេហួរ ។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រឹត្តិការណ៍បុណ្យជាតិ ចាត់ទុកថា ជាការបង្ហាញដល់ទេសចរជាតិ និងអន្តរជាតិ បានឈ្វេងយល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ ដែលមានតាំងពីបុរាណកាលមក ។ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រព្រឹត្តឡើង ដើម្បីជាមង្គល ឧទ្ទិសដល់ការចាប់ផ្តើមរដូវធ្វើស្រែចម្ការ របស់ប្រជាកសិករ និងបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ឱ្យបង្ហូរទឹកភ្លៀងបរិបូណ៌ តាមរដូវកាល បម្រើឱ្យវិស័យកសិកម្មគ្រប់ប្រភេទ ទទួលបានភោគផលខ្ពស់ ។
ព្រះរាជពិធីនេះ ត្រូវបានព្រះមហាក្សត្រ គ្រប់ព្រះអង្គ តែងដឹកនាំប្រារព្ធធ្វើពុំដែលខកខានតាំងពីបុរាណកាលមក ជាក់ស្តែង កាលពីសម័យសង្គមរាស្ត្រនិយម ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ កាលព្រះអង្គមានព្រះជន្មគង់នៅ និងសម្តេចម៉ែ ព្រះអង្គសព្វព្រះរាជហឫទ័យយាងច្រត់ដោយផ្ទាល់ព្រះអង្គ នៅតាមបណ្តារាជធានី ខេត្តមួយចំនួន ដូចជា ៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវជាដើម ។ ពេលក្រោយមក ព្រះមហាក្សត្រ ទ្រង់ពុំបានយាងច្រត់ព្រះនង្គ័លដោយផ្ទាល់ទៀតឡើយ ដោយចាត់ព្រះរាជតំណាងយាងច្រត់ជំនួស និងព្រះអង្គស្តេចយាងជាព្រះរាជាធិបតីវិញ ។
សូមបញ្ជាក់ដែរថា ក្នុងព្រះរាជពិធីនេះ ក៏មានរៀបចំស្តង់តាំងពិពណ៌ ដោយស្តង់នីមួយៗ មានដាក់តាំងផលិតផលក្នុងស្រុក ដែលរៀបចំដោយរដ្ឋបាលស្រុក ក្រុងទាំង ៨ នៃខេត្តកំពង់ឆ្នាំង រួមនិងស្តង់ពិព័រណ៍របស់មន្ទីរអង្គភាពជុំវិញខេត្ត ក៏ដូចជា អង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តកំពង់ឆ្នាំង ។ ស្តង់ពិព័រណ៍ដែលអង្គភាពនីមួយៗ យកមកដាក់តាំងបង្ហាញមានដូចជា វិស័យកសិកម្ម មានដំណាំស្រូវ ដំណាំហូបផ្លែ ផ្លែឈើ និងឧបករណ៍បម្រើឱ្យវិស័យកសិកម្មជាច្រើនទៀត ហើយក៏នៅមានស្តង់ពិពណ៌បង្ហាញពីវិស័យឧស្សាហកម្ម សុខាភិបាល ស្តង់ពិពណ៌វប្បធម៌ វិចិត្រសិល្បៈ ស្មូនឆ្នាំង តម្បាញកន្ទេល តម្បាញក្រមា និងការចិញ្ចឹមសត្វ ។ល។
ដោយឡែកអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត ក៏បានធ្វើការរៀបចំតុបតែងលំអរនៅតាមទីតាំងនានាក្នុងខេត្តកំពង់ឆ្នាំង ទាំងអនាម័យ បរិស្ថាន សោភ័ណភាព ដែលកាន់តែធ្វើឱ្យខេត្តកំពង់ឆ្នាំង កាន់តែមានភាពស្រស់ស្អាតថែមទៀត ទាំងពេលថ្ងៃ និងពេលរាត្រី ដែលព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ក៏អាចនឹងទាក់ទាញបាននូវភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកាន់តែច្រើនផងដែរ ៕
ដោយ ៖ វណ្ណលុក








