ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ លោក Andrew Parsons ស្វែងយល់ និងគាំទ្រដល់ចលនាប៉ារ៉ាឡាំពិកនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមទៀត

(ភ្នំពេញ)៖ អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមឡាំពិកកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ។ ដំណើរទស្សនកិច្ចរបស់ ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្ដរជាតិ(IPC) លោក Andrew Parsons ត្រូវគេបញ្ជាក់ថា គឺជាដំណើរទស្សនកិច្ចលើកដំបូងនៅកម្ពុជា ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីស្វែងយល់ និងគាំទ្រដល់ចលនាប៉ារ៉ាឡាំពិកនៅកម្ពុជា ។

ជំនួបរវាង ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាហ្គេមឡាំពិកកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ បានធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅអគារ The Kampus និងបានអញ្ជើញចូលរួមនាឱកាសនោះដែរដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

ឯកឧត្តម ហ៊ុន ម៉ានី ក្នុងជំនួបនោះ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោក ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ និងគណៈកម្មាធិការជាតិគណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា ។ ឯកឧត្តមបានថ្លែងក្តីសង្ឃឹមថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ លោក Andrew Parsons នឹងស្វែងយល់ពីកម្ពុជា រួមទាំងចូលរួមលើកកម្ពស់អត្តពលិកប៉ារ៉ាកម្ពុជា ជាពិសេសតាមរយៈការទស្សនាមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តម នូវបានរំលឹកពីបទពិសោធន៍នៃដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជា ទៅកាន់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពី២០២២ ដែលបានផ្តល់នូវបទពិសោធន៍ល្អៗ និងអនុស្សាវរីយ៍ជាច្រើនជាមួយអត្តពលិកប៉ារ៉ាឡាំពិករបស់កម្ពុជា ។

តាមរយៈបទពិសោធន៍នៃការចូលរួម និងក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីនាយកដ្ឋមន្ត្រី ជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាំឲ្យកម្ពុជាអាចមានលទ្ធភាពរៀបចំធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីខែឧសភា ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងមានស្តង់ដាខ្ពស់ប្រហាក់ប្រហែលខ្នាតអន្តរជាតិ និងលំដាប់ពិភពលោកផងដែរ ។

នៅជាមួយគ្នានោះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា កន្លងមកធ្លាប់បានដឹកនាំប្រតិភូទៅចូលរួមការប្រកួតជាខ្នាតពិភពលោក រៀបចំដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិចំនួន ៧លើករួចមកហើយ និងនៅឆ្នាំ២០២៨ ខាងមុខ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងដឹកនាំប្រតិភូចូលរួមការប្រកួតជាខ្នាតពិភពលោកម្តងទៀតនៅសហរដ្ឋអាមេរិក ។

សូមបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចមកកម្ពុជារបស់ ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ នាពេលនេះ គឺលោកចង់ជួបពិភាក្សា ស្វែងយល់ និងជួបគាំទ្រដល់ចលនាប៉ារ៉ាឡាំពិកនៃប្រទេសសមាជិក ជាក់ស្ដែងប្រទេសកម្ពុជា ក្នុងកិច្ចសហការរវាងគ្នាទៅវិញទៅមក ដើម្បីរៀបចំ និងជំរុញចលនាប៉ារ៉ាឡាំពិកនៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមទៀត ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner