សពពលករខ្មែរប្តីប្រពន្ធ ២រូប ត្រូវបានដឹកមកដល់កម្ពុជាហើយដើម្បីបន្តធ្វើបុណ្យតាមប្រពៃណី

(បន្ទាយមានជ័យ)៖ សពពលករ សាន់ សឿន អាយុ ៣៨ឆ្នាំដែលជាប្តី និងពលការិនី សុខ គិមសី អាយុ ៣១ឆ្នាំដែលជាប្រពន្ធ ត្រូវបានបញ្ជូនមកដល់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតហើយ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមទាំងអ្នកពាក់ព័ន្ធគ្រប់កម្រិត។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកបន្តថា តាំងពីក្រោយការបញ្ជាក់អត្តសញ្ញាណច្បាស់លាស់តាមរយៈការធ្វើកោសល្យវិច័យ DNA ពីសំណាក់វិទ្យាស្ថានវេជ្ជសាស្ត្ររបស់ប្រទេសថៃ នៅព្រឹកថ្ងៃទី១៤ខែឧសភានេះ ដែលអះអាងថា ពលករទាំងពីរពិតជាបានទទួលមរណភាពក្នុងគ្រោះរញ្ជួយដីនៅថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយអាជ្ញាធរថៃក្នុងការរៀបចំការបញ្ជូនសព និងធ្វើពិធីសាសនាមុននឹងបានដឹកសពតាមរថយន្តចេញពីទីក្រុងបាងកក មកកាន់ច្រកអន្តរជាតិប៉ោយប៉ែត មុននឹងដង្ហែសពបន្តមកលំនៅដ្ឋាននៅក្រុងសេរីសោភ័ណ្ឌដើម្បីធ្វើបុណ្យតាមប្រពៃណី។

ជាមួយគ្នានេះ អ្នកនាំពាក្យដដែល បានបន្ថែមថា ដោយឡែកថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរខេត្តបន្ទាយមានជ័យ ក៏បានចាំទទួលសពបងប្អូនពលករទាំងពីរនៅច្រកអន្តរជាតិប៉ោយប៉ែត និងបន្តសម្របសម្រួលដង្ហែសពមកកាន់លំនៅដ្ឋានដែលបានរៀបចំពិធីបុណ្យរួចជាស្រេចដោយមានការចាត់ចែងរៀបចំពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន រួមទាំងសាច់ញាតិក្រុមគ្រួសារសព។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ដល់ពលករកម្ពុជាដែលនៅបរទេសទាំងអស់ ជាពិសេសបងប្អូនពលករដែលរងគ្រោះក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ៕

ដោយ ៖ ង៉ាន ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner