អាមេរិកគ្មានសង្ឃឹមខ្ពស់លើជំនួបរុស្ស៊ី-អ៊ុយក្រែន
បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ថា លោកគ្មានការរំពឹងទុកខ្ពស់ សម្រាប់កិច្ចចរចាអ៊ុយក្រែននិងរុស្ស៊ី ក្នុងប្រទេសតួកគី នោះទេ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានទម្លាក់ការរំពឹងទុក សម្រាប់កិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីទីក្រុងមូស្គូ បានបញ្ជូនគណៈប្រតិភូដែលមានឋានៈទាប ហើយភាគីទាំងសងខាងបានរិះគន់គ្នាធ្ងន់ៗ មុនការចរចា។
លោក Rubio បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំមួយ នៅទីក្រុង Antalya ប្រទេសតួកគីថា «និយាយដោយត្រង់ទៅ ខ្ញុំមិនជឿថា នឹងមានលទ្ធផលជាផ្លែផ្កា នៅទីនេះ លុះត្រាតែប្រធានាធិបតី Trump មកអង្គុយទល់មុខ ជាមួយប្រធានាធិបតី ពូទីន ទើបអាចមាន»។
យ៉ាងណាមិញ ទាំងប្រធានាធិបតីអាមេរិក លោក Donald Trump និង លោក Putin បានអះអាងថា មិនចូលរួមកិច្ចប្រជុំចរចា រវាងភាគីទាំងពីរទាំងពីរ នេះទេ។ តែ លោក Trump ធ្លាប់អះអាងថា បើ Putin ចូលរួម លោកក៏នឹងចូលរួមដែរ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
