នាយករដ្ឋមន្ត្រី៖ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែជារបស់រដ្ឋ មិនមានគម្រោងលក់ឱ្យវិស័យឯកជននោះឡើយ

(កណ្ដាល)៖ ក្នុងពិធីអបអរសាទរ ខួប លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥ នៅបរិវេនបណ្ឌិតសភានរគបាលកម្ពុជា ស្ថិតក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅតែជារបស់រដ្ឋ ខណៈរាជរដ្ឋាភិបាល មិនមានគម្រោងលក់ឱ្យទៅវិស័យឯកជននោះឡើយ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាន នូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។

សម្តេចបានបន្តថា កាលពីឆ្នាំ១៩៩៥​ រាជរដ្ឋាភិបាល បានមានកិច្ចព្រមព្រៀងឲ្យក្រុមហ៊ុន SCA ធ្វើប្រតិបត្តិការ មិនមែនសិទ្ធិគ្រប់គ្រងទេ​ ហើយរដ្ឋជាម្ចាស់ដដែល​ គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិលដែលជាអ្នកគ្រប់គ្រង។

សម្តេចធិបតី បានបញ្ជាក់ថា ព្រលានយន្តហោះពោធិ៍ចិនតុង ប៉ុន្មានថ្ងៃនេះឃើញនិយាយផុសផុលអំពីការលក់ព្រលានយន្តហោះនេះ។ ខ្ញុំឃើញអ្នកខ្លះថា ច្បាស់ណាស់ រាជរដ្ឋាភិបាលលក់ព្រលានយន្តហោះនេះឲ្យវិស័យឯកជន ១៥ឆ្នាំមុន។ តើបាន មកពីណា? ១៥ឆ្នាំមុន យើងមិនទាន់គ្រោងធ្វើព្រលានយន្តហោះថ្មីផង ។

សម្តេច ថា បើមានសូមឲ្យឯកសារហ្នឹងមកក្រែងខ្ញុំមិនដឹង។ ព្រោះមានតែ២នាក់ទេ ដែលមានសិទ្ធិក្នុងការសម្រេចដោះដូរ គឺសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី នៅអាណត្តិមុន និងរូបខ្ញុំជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិនេះ។ យើងទាំងពីរអ្នក អត់ដែលបានដឹងពីគម្រោងនៅក្នុងការលក់ ព្រលានយន្តហោះពោធិ៍ចិនតុងទៅណា។ អីចឹង អ្នកដែលនិយាយជជែកគ្នា ខ្ញុំសុំឲ្យបញ្ចប់។ ម៉ោងនេះ ពេលនេះ គឺគ្មានគោលការណ៍ ហើយពីមុនមក គឺគ្មានគោលការណ៍ ដែលថា កន្លែងណា ដែលសម្រេចលក់ ព្រលានយន្តហោះនេះទេ»។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទដំណើរការទាំងស្រុង នៅខែកក្កដា ឆ្នាំ២០២៥ ដែលបន្សល់ទុកនូវអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់អ្នកដំណើរទាំងជាតិ និងអន្តរជាតិ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លាតសន្ធឹងលើផ្ទៃដីជាង ៤០០ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចទីក្រុងភ្នំពេញ ក្នុងស្រុកពោធិ៍សែនជ័យ។

ក្រោយដំណឹងនៃការបិទដំណើរការ ស្រាប់តែមានការលើកឡើង ដោយគ្មានមូលដ្ឋានថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវលក់ទៅឲ្យវិស័យឯកជន ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner