សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្វាគមន៍ ការវិនិយោគរបស់អូស្រ្តាលីក្នុងវិស័យអប់រំនៅកម្ពុជា
(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានអនុញ្ញាតជូន លោកជំទាវ ហ្វ្រង់ស៊ី អាដាមសុន (Frances Adamson. AC) អភិបាលនៃរដ្ឋអូស្ត្រាលីខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងពេលដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់ លោកជំទាវ នៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពី ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការបន្ត ពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសលើវិស័យអប់រំ រវាងប្រទេសយើងទាំងពីរ កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ ជិតស្និទ្ធ និងស៊ីជម្រៅប្រកបដោយនវានុវត្តន៍បន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កម្ពុជាអូស្រ្តាលី មានទំនាក់ទំនងល្អជាមួយគ្នាតាំងពីឆ្នាំ១៩៥២ មក។
សម្តេចបានថ្លែងអំណរគុណប្រទេសអូស្រ្តាលី ដែលមានតួនាទីសំខាន់នៅក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍនៅកម្ពុជា ។ ជាពិសេសបេសកកម្មរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (Jonh Sanderson) ដែលជា មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) ។
សម្តេចរដ្ឋសភា ឃួន សុដារី បញ្ជាក់ថា គិតចាប់ពី១៩៩៤ មកមាននិស្សិតកម្ពុជាប្រមាណ ១ពាន់នាក់បានទទួលអាហារូបករណ៍ផ្លូវការរបស់អូស្រ្តាលី និងមាននិស្សិតខ្មែរប្រមាណ ១ម៉ឺននាក់ផ្សេងទៀត បានទៅសិក្សានៅអូស្រ្តាលីជាលក្ខណៈឯកជន។ អូស្រ្តាលីជាប្រទេសមួយ ដែលមានប្រព័ន្ធអប់រំឈានមុខ ហើយពលរដ្ឋខ្មែរតែងតែប្រាថ្នាក់ចង់ទៅសិក្សានៅអូស្រា្តលី។ ដូច្នេះប្រសិនបើជាការវិនិយោគនៅវិស័យអប់រំនៅកម្ពុជាពីប្រទេសអូស្រា្តលី សម្តេចស្វាគមន៍ជានិច្ច ដោយ សម្តេចបានគូសបញ្ជាក់ ថាការវិនិយោគនៅកម្ពុជាមិនសំដៅតែលើកម្ពុជាប៉ុណ្ណោះទេ គេគួរសម្លឹងមើល អាស៊ាន និង RCEP (កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ )ផងដែរ។
សម្តេចប្រធានរដ្ឋសភា ក៏បានរំលឹកដែរថា ខ្លួនសម្តេចផ្ទាល់ ក៏ជាអតីតនិស្សិតដែលបានជាប់អាហារូបការណ៍របស់អូស្រ្តាលី ប៉ុន្តែជាអកុសលនៅឆ្នាំ១៩៧៥ ដោយសារពួកប៉ុលពតឡើងគ្រប់គ្រងប្រទេស សម្តេចមិនបានចេញទៅសិក្សានៅប្រទេសអូស្រ្តាលីនោះទេ។ តាមរយៈលោកជំទាវ ប្រធានគណៈប្រតិភូ សម្តេចប្រធានរដ្ឋសភា បានស្នើដល់រដ្ឋាភិបាលអូស្រ្តាលី បន្តផ្តល់អាហារូបករណ៍មកដល់និស្សិតកម្ពុជា ដើម្បីបានបន្ដសិក្សានៅអូស្រ្តាលី ជាពិសេសក្នុងរដ្ឋអូស្រ្ដាលីខាងត្បូងបន្ថែមទៀត។
លោកជំទាវ ហ្វ្រង់ស៊ីស អាដាមសុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃនិងមមាញឹកទទួលជួបពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវលើកឡើងថា កម្ពុជានិងអូស្រ្តាលីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ចាប់ពីថ្នាក់ដឹកនាំរហូតដល់ប្រជាពលរដ្ឋ។ ពលរដ្ឋអូស្រ្តាលី បានស្គាល់ច្បាស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត។ លោកជំទាវ បានរំលឹកថា កាលពីឆ្នាំកន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី ដែលដំណើរទស្សនកិច្ចនោះ បានជំរុញទំនាក់ទំនងប្រទេសទំាងពីរកាន់តែរឹងមាំឡើង។
នៅក្នុងឱកាសនោះ លោកជំទាវ ហ្វ្រង់ស៊ីស អាដាមសុន និងសម្តេចប្រធានរដ្ឋសភា បានពិភាក្សាគ្នាយ៉ាងស្និទ្ធស្នាលនិងបើកចំហរអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ រួមមានការងារទូត វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ សមភាពយេនឌ័រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET ) ជា ពិសេសវិស័យអប់រំនិងបច្ចេកវិទ្យា ជាដើម។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្នុងស្ថានការណ៍តំបន់ និងសកលលោកនាពេលបច្ចុប្បន្ន មានការវិវត្តន៍ប្រែប្រួល និងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពោរពេញដោយភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ និងផុយស្រួយ ដោយសារតែការប្រកួតប្រជែងភូមិសាស្រ្តនយោបាយមានសភាពកាន់តែធ្ងន់ធ្ងរទៅៗជារៀងរាល់ថ្ងៃនោះ ការភ្ជាប់ទំនាក់ទំនងគ្នាទាំងការងារការទូតរដ្ឋាភិបាល និងរដ្ឋសភា ពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកបន្ធូរបន្ថយភាពតានតឹង និងជម្លោះ ព្រមទាំងការលើកកម្ពស់វិធានការកសាងទំនុកចិត្ត មិត្តភាព ផ្អែកលើការជឿទុកចិត្តគ្នា និងគោរពគ្នាជានិច្ច៕





ដោយ ៖ ហេង សម្បត្តិ