ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា

ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិ ផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋា​ភិបាលកម្ពុជា តាមរយៈអនុក្រឹត្យ លេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជន​រងគ្រោះ​និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។

ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជាក្នុងឱកាសខួប​លើក​ទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ទិវាជាតិនៃការចងចាំបង្កើតឡើងក្នុងគោល​បំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរង​គ្រោះបានស្លាប់ក្នុងរបប កម្ពុជា ប្រជាធិប​តេយ្យ, លើកតម្កើងការរំឭក ដល់ជនរង​គ្រោះ ការស្តារកិត្តិយស និងសេចក្ដីថ្លៃថ្នូរ​របស់​ជនរងគ្រោះ ទោះជានៅរស់រាន​មានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែក​សង្គម​របស់​ជនរងគ្រោះ និងក្រុមគ្រួសារ,​ចូលរួម​ចំណែកដល់ការផ្សះផ្សា​ជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការ​ផ្សព្វផ្សាយ​និងការយល់ដឹងអំពីអំពើ ឃោរឃៅដែលកើតមានក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យកុំឱ្យកើ​ត​​​មានឡើង សាជាថ្មី។

គួរជម្រាបថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយក​ថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជាការចង កំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ​សំផន» ដែល​បានកាប់សម្លាប់ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ​លើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់​ឆ្នាំចាប់​ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវា ចងចាំ» រហូតដល់​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យលេខ១៩ អនក្រ.បក កំណត់យកថ្ងៃទី២០ ខែឧសភា​ ជា «ទិវាជាតិ​នៃការចងចាំ» វិញ។

ទន្ទឹមនេះ«ទិវាជាតិនៃការចងចាំ» នេះ ត្រូវបានទទួលស្គាល់ដោយអង្គជំនុំ​ជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលជា​គម្រោងសំណង​មួយក្នុងចំណោម គម្រោងសំណង ២៦ ដែលទទួលស្គាល់ជាផ្លូវការនិងជាអចិន្ត្រៃយ៍​ចំពោះការ​ឈឺចាប់​របស់​ដើម បណ្តឹង​រដ្ឋប្បវេណី និងលើកកម្ពស់ការចងចាំ​នូវឧក្រិដ្ឋកម្ម​ដែលបានប្រព្រឹត្តក្នុង អំឡុងពេលនៃរបបកម្ពុជា​ប្រជាធិបតេយ្យ។

សារលិខិតសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា ជាង៣ទសវត្សរ៍ចុងក្រោយនេះ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ខ្ពង់ខ្ពស់ និងប៉ិន ប្រសប់របស់ សម្តេចអគ្គ មហា​សេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកនយោបាយ ឈ្នះ ឈ្នះ បានប្រែក្លាយព្រះ​រាជា​​​ណាចក្រកម្ពុជា ជាប្រទេសមានសុខសន្តិភាព ឯកភាព​ជាតិ ឯកភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យភាពពេញបរិបូរណ៍ ដែល មិនធ្លាប់មានជាង៥០០ឆ្នាំ ក្នុងប្រវត្តិសាស្ត្រ​ចុងក្រោយនេះ។ ក្រោមដំបូលនៃសុខសន្តិភាព ជនរងគ្រោះពីអំពើ ឧក្រិដ្ឋកម្មទាំងឡាយដែលបាន ប្រព្រឹត្តឡើងក្នុងរបប​ខ្មែរក្រហមទទួលបាន​យុត្តិធម៌​តាមរយៈការជំនុំជម្រះក្តី នៅចំពោះ​មុខអង្គជំនុំជម្រះវិសាមញ្ញក្នុង​តុលាការកម្ពុជា ។ កិត្តិយស​និងសេចក្តី ថ្លៃថ្នូររបស់ជនរងគ្រោះ ដែលរស់រាន មានជីវិត​និងអ្នកបានបាត់បង់ជីវិតក្តី ក៏ត្រូវ បានស្តារឡើងវិញ និងទទួល​បាន​ការប៉ះប៉ូវចំពោះការឈឺចាប់ខាងផ្លូវចិត្ត និង ផ្នែក​សង្គម។

ទិវាជាតិនៃការចងចាំ បានចូលរួមចំណែកក្នុងការផ្សះផ្សាជាតិ ជំរុញឱ្យមាន សុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងបាន​លើកកម្ពស់ការផ្សព្វផ្សាយ និងការ យល់ដឹងអំពីអំពើឃោរឃៅដែលបានកើតមាននៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ ក៏​ដូចជាទប់ស្កាត់និងបង្ការកុំឱ្យរបបឃោរឃៅ ព្រៃផ្សៃ និងប្រល័យពូជសាសន៍ បែបនេះកើតមាន ឡើងសាជាថ្មី។ដូច្នេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់​មកវិញ យើងទាំងអស់ត្រូវចូលរួម ថែរក្សា ការពារ សន្តិភាពឱ្យបានគង់វង្ស ពីព្រោះ​សន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាង ក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យ កាន់តែរីកចម្រើនទៅ​មុខទៀត ដោយហេតុថា បើគ្មាន​សន្តិភាព គឺមានសង្គ្រាម ហើយសង្គ្រាមនឹងធ្វើ ឱ្យប្រទេស ជាតិកាន់តែក្រីក្រ អសន្តិសុខ គ្មានស្ថិរភាព គ្មានការអភិវឌ្ឍ អាចនិយាយបានថាសន្តិភាព គឺមានសក្តានុពល និង សកម្មភាពគ្រប់យ៉ាងដើម្បីការរីក ចម្រើន​ទៅមុខរបស់ប្រទេសជាតិ៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner