មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មចុះណែនាំដល់ម្ចាស់កសិដ្ឋានចិញ្ចឹមត្រី និងការគ្រប់គ្រងបច្ចេកទេសវារីវប្បកម្មដើម្បីទទួលបានទិន្នផល និងចំណូលខ្ពស់
(ភ្នំពេញ)៖ ដើម្បីជំរុញទៅលើផ្នែកវារីវប្បករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមត្រី ដើម្បីឱ្យទទួលបានលទ្ធផលល្អនោះមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះណែនាំពីរបៀបការគ្រងគ្រង និងបច្ចេកទេសក្នុងការគ្រប់គ្រងទឹកផ្នែកវារីវប្បកម្មដើម្បីឱ្យការចិញ្ចឹមទទួលបានលទ្ធផលល្អឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
គួរបញ្ជាក់ថា ការចុះពិនិត្យ និងការផ្តល់បច្ចេកទេសក្នុងការចិញ្ចឹមត្រីដល់ម្ចាស់កសិដ្ឋាននេះធ្វើឡើងដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយនិងមន្រ្តីពាក់ព័ន្ធដោយធ្វើឡើងកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២៥កន្លងមក។
ក្នុងពិធីនេះដែរគេឃើញមានការចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រី របស់វារីវប្បករ ចំនួន៣ទីតាំង ដែលគាំទ្រដោយគម្រោង CapFish Aquaculture/IT2។ សម្រាប់ទីតាំងចំនួន៣ដែលមន្រ្តីជា់ខ្ពស់ក្រសួងកសិកម្មបានចុះពិនិត្យនោះរួមមាន ទី១. កសិដ្ឋានចិញ្ចឹមត្រីអណ្តែង និងត្រីក្រាញ់ របស់លោក ពឿង ខេង នៅភូមិរំលេច ឃុំរំលេច។ ទី២. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីឆ្ពិន របស់លោក រុន គង់ នៅភូមិបឹងខ្នារ ឃុំបឹងខ្នារ និងទី៣. កសិដ្ឋានចិញ្ចឹមត្រីប្រា និងត្រីចម្រុះ របស់លោក សុត សឿន នៅភូមិចំការខ្លុយ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានផ្តល់ការណែនាំដល់ម្ចាស់កសិដ្ឋានទាំង៣ទីតាំង អំពីបច្ចេកទេស ការជ្រើសពូជ-ចំណី និងការគ្រប់គ្រងគុណភាពទឹកតាមបច្ចេកទេសវារីវប្បកម្ម។
បើតាមឯកឧត្តមរដ្ឋលេខាធិការ ដំណើរនៃការចុះពិនិត្យកសិដ្ឋាននេះ គឺដើម្បីស្វែងយល់អំពីបញ្ហា សំណូមពរនានា និងផ្តល់ការណែនាំបច្ចេកទេសដល់វារីវប្បករ សំដៅដល់ការធ្វើវារីវប្បកម្ម ឬការចិញ្ចឹមត្រីឱ្យមានប្រសិទ្ធភាព ទទួលបានទិន្នផល និងចំណូលខ្ពស់។ ការធ្វើវារីវប្បកម្មតាមរយៈការចិញ្ចឹមវារីសត្វ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវបន្តផ្តល់ការគាំទ្របច្ចេកទេស និងដោះស្រាយបញ្ហា និងសំណូមពរនានារបស់វារីវប្បករ ឬម្ចាស់កសិដ្ឋានចិញ្ចឹមត្រីឱ្យបានទាន់ពេលវេលា សំដៅឱ្យការធ្វើវារីវប្បកម្មកាន់តែរីកចម្រើនថែមទៀត។
គួរបញ្ជាក់ថា បើតាម ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានបញ្ជាក់នាថ្មីៗមកនេះថាបើគិតពីបរិមាណត្រីនាឆ្នាំនេះមានការកើនឡើង។ដោយឡែកសម្រាប់បញ្ហាវារីវប្បកម្មក៏មានការកើនឡើង តែមិនឡើងជាគំហុកទេ ទាំងនេះដោយសារថាបញ្ហាទៅលើកត្តាចំណីរបស់សត្វត្រី យើងមិនទាន់អាចផលិតខ្លួនឯងបាននៅឡើយ ហេតុនេះធ្វើឱ្យការចិញ្ចឹមពុំទទួលបានផលល្អដោយសារតែចំណីវារាងខ្ពស់បន្តិច។
ទោះបីយ៉ាងណាមន្រ្តីជំនាញនឹងខិតខំស្រាវជ្រាវទៅលើកត្តាពូជត្រីធ្វើយ៉ាងណាឱ្យឆាប់រីកលូតលាស់បានលឿន និងព្រមជាមួយគ្នាក៏នឹងខិតខំស្រាវជ្រាវចំណីអាហារដើម្បីធ្វើយ៉ាងណាឱ្យមានការផលិតនៅក្នុងស្រុក ដែលធ្វើឱ្យការចិញ្ចឹមប្រើដើមតិច ហើយការលក់មកវិញបានទទួលផលកម្រៃខ្ពស់ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលផលចំណេញច្រើន៕






ដោយ ៖ ម៉ាដេប៉ូ