អ្នកជំនាញនៃធនាគារពិភពលោក ចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ឆ្ពោះទៅកាន់ឆ្នាំ២០៥០»
(ភ្នំពេញ)៖ បន្ទាប់ពីពិធីបើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» បានរៀបចំវេទិកាចែករំលែកបទពិសោធ និងបទបង្ហាញជាបន្តបន្ទាប់ជូនដល់អ្នកចូលរួមដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន៣១ ដោយផ្ទាល់ និងតាមអនឡាញ។
សិក្ខាសាលាទទួលបានបទបង្ហាញពី លោក Dr. Michael Woolcock, Lead Social Scientist និង លោកស្រី Ms. Margaret Allison, International Public Sector Management Expert, World Bank។ វាគ្មិនដែលជាអ្នកជំនាញរបស់ធនាគារពិភពលោកទាំង ២រូប បានចែករំលែកនូវបទពិសោធក្រោមប្រធានបទ «ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ឆ្ពោះទៅកាន់ឆ្នាំ២០២៥»។
ក្នុងបទបង្ហាញ វាគ្មិនបានចែករំលែកនូវដំណើរការនៃការអនុវត្តការវិភាគមុខងារជា ៦ជំហាន រួមមាន៖ ការកំណត់វិសាលភាព និងគោលបំណង, តម្រូវការទិន្នន័យ, ការពិគ្រោះយោបល់, ការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រផ្តល់សេវាក្នុងពេលបច្ចុប្បន្ន, ការសិក្សាលើធនធានដែលមានស្រាប់ និងការផ្តល់អនុសាស្ត្រដើម្បីកែលម្អ និងកែទម្រង់។
ទន្ទឹមនឹងការចែករំលែកនូវជំហានគន្លឹះក្នុងការធ្វើការវិភាគមុខងារ វាគ្មិនក៏បានរំលេចអំពីសារៈសំខាន់ នៃការធ្វើវិភាគមុខងារ ឆ្ពោះទៅកាន់ឆ្នាំ២០៥០ ក៏ដូចជាចែករំលែកនូវនិយមន័យនៃការធ្វើវិភាគមុខងារ រួមជាមួយនឹងគោលបំណង អត្ថប្រយោជន៍ និងផលជះជាវិជ្ជមានសំខាន់ៗ ចេញពីការធ្វើវិភាគមុខងារនេះផងដែរ។ ក្រោយទទួលបានការធ្វើបទបង្ហាញ សិក្ខាកាមបានចូលរួម ជាមតិយោបល់ និងការសួរសំណួរ ដោយមានការឆ្លើយតបពីវាគ្មិន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈផងដែរ៕
ដោយ៖ ង៉ាន់ ទិត្យ







