ក្រសួងមហាផ្ទៃ ក្លាយជាម្ចាស់ជើងឯក បាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥

(ភ្នំពេញ)៖ ក្រុមកីឡាបាល់ទាត់ ក្រសួងមហាផ្ទៃ បានក្លាយជាម្ចាស់ជើងឯក ពានរង្វាន់បាល់ទាត់មិត្តភាព យុវជន អន្ដរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ បន្ទាប់ពីយកឈ្នះ ក្រុមក្រសួងការពារជាតិ ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ក្នុងកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើ ក្រុមក្រសួងការពារជាតិ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រសួងសុខាភិបាល ។

ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មការកីឡាបាល់ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន បានឱ្យដឹងថា ៖ ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានបន្តថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” រៀបចំឡើងលើកដំបូង នៅឆ្នាំ២០១៣ មានការចូលរួមចំនួន ០៩ ក្រុម ប៉ុណ្ណោះ ខណៈដែលឆ្នាំ២០២៥នេះ គឺមានការចូលរួមរហូតដល់ ៣៥ ក្រុម ដែលនេះជាកំណត់ត្រាថ្មីសម្រាប់ការប្រកួត ក្រោមការណែនាំ និងតម្រង់ទិសដោផ្ទាល់ពីសំណាក់ឯកឧត្តមប្រធាន។

ក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា៖ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ បើទោះបីភាគីណាមួយទទួលបាននូវលទ្ធផលយ៉ាងណាក៏ដោយ សូមកុំភ្លេចថាពានរង្វាន់នេះសុទ្ធតែជាចំណែករបស់យើងទាំងអស់គ្នាស្មើៗគ្នា ។ កីឡាករគ្រប់រូប សុទ្ធតែបានទទួលបាននូវសមិទ្ធិផលសម្រាប់ខ្លួនឯង នោះគឺសាមគ្គីភាព និងមិត្តភាពរវាងគ្នា និងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។

ឯកឧត្តម ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀបចំ សម្របសម្រួលការប្រកួត ព្រមទាំងផ្ដល់កិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner