សម្តេចធិបតី អញ្ជើញជួបពិសាអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ នៅម៉ាឡេស៊ី
(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសាអាហារពេលព្រឹកការងារ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
តាមរយៈបណ្ដាញសង្គម សម្តេចធិបតី បានលើកឡើងថា ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ តែងតែមានជំនួបអាហារពេលព្រឹកការងារ ហើយក៏បានជជែកពិភាក្សាគ្នា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។
សូមរំលឹកថា សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងនៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញ របស់ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២៥។
កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ ប្រព្រឹត្តឡើង ក្រោមប្រធានបទ “បរិយាបន្ន និងចីរភាព” ដែលនឹងផ្តោតលើការជំរុញការកសាង សហគមន៍អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ៕
ដោយ ៖ វណ្ណលុក




